ស្ថានភាពទឹកធ្លាក់មកពីប្រទេសថៃកាន់តែច្រើន ដែលធ្វើឲ្យទឹកអូរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមឡើងយ៉ាងគំហុក
គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មកទល់ពេលនេះ ស្ថានភាពទឹកធ្លាក់មកពីប្រទេសថៃកាន់តែច្រើន ដែលធ្វើឲ្យទឹកអូរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមឡើងយ៉ាងគំហុក។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានអះអាងថា នៅពេលនេះអាជ្ញាធរខេត្ត និងមន្ដ្រីជំនាញពាក់ព័ន្ធកំពុងតាមដានស្ថានភាពជាប់ជាប្រចាំ។ លោកបន្តថា ទឹកនេះ គឺជាទឹកភ្លៀងធ្លាក់ពីមកអារញ្ញ ប្រទេសថៃ ហើយមិនមែនការបើកទ្វារទឹករបស់ថៃនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ។
ទន្ទឹមគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពបែបនេះ ពិសេសកុមារតូច, ស្ដ្រីមានផ្ទៃពោះ និងចាស់ជរា។ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច កំពុងត្រៀម និងចេញជួយសង្គ្រោះប្រជាពលរដ្ឋ។
គួរជម្រាបថា រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់មូលដ្ឋានទូទាំងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀង អាយុជីវិត និងទ្រព្យសម្បត្តិនានា ពីព្រោះចាប់ពីថ្ងៃទី១៧-២១ ខែតុលានេះ នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាបន្តទៀត ស្របពេលជាមួយទឹកជំនន់មកពីប្រទេសថៃផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ជំនន់ទឹកភ្លៀងបានបន្តវាយលុកប៉ះពាល់ក្រុង-ស្រុកចំនួន៦ នៃខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ ១ម៉ឺន៥ពាន់គ្រួសារ និងប្រមាណ ២ពាន់៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ៕