កម្លាំងអន្តរាគមន៍ជាច្រើនផ្នែក រួមទាំងសម្ភារៈ និងមធ្យោបាយជួយសង្គ្រោះ បានត្រៀម និងចុះធ្វើសកម្មភាពយ៉ាងមមាញឹក ខណៈពេលដែលស្រុកបន្ទាយស្រី ត្រូវបានគំរាមកំហែងដោយជំនន់ទឹកភ្លៀង
សៀមរាប៖ ក្នុងពេលដែលមានករណីគ្រោះទឹកជំនន់ យើងសង្កេតឃើញមានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក អាជ្ញាធរ ខេត្ត កម្លាំងអន្តរាគមន៍ជាច្រើនផ្នែក រួមទាំងសម្ភារៈ និងមធ្យោបាយជួយសង្គ្រោះផងដែរ បានត្រៀម និងចុះធ្វើសកម្មភាពយ៉ាងមមាញឹក ខណៈពេលដែលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ត្រូវបានគំរាមកំហែងដោយជំនន់ទឹកភ្លៀង ។
ដោយឥទ្ធិពលនៃទឹកភ្លៀងធ្លាក់តំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំ ។ ស្ថិតក្រោមការតាមដានរបស់អាជ្ញាធរស្រុក បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកំពស់៣,៣០ម៉ែត្រ ដល់ ៥,៥០ម៉ែត្រ ជិតដល់កម្រឹតប្រកាសអាសន្ន ( ៦,០០ម៉ែត្រ ) ដែលស្ថានភាពបែបនេះ បានជម្រុញឲ្យគណៈបញ្ជាការឯកភាពស្រុក ចាត់នូវវិធានការ ក្នុងការជម្លៀសប្រជាជនមួយចំនួនរស់នៅក្នុងតំបន់នោះ ដែលរងផលប៉ះពាល់ខ្លាំង បញ្ជូនទៅកាន់ទីទួលមានសុវត្ថិភាព ។
តាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងដូច្នេះថា ក្នុងពេលដែលកម្លាំងអន្តរាគមន៍របស់ស្រុក រួមមានកម្លាំងនគរបាល អាជ្ញាធរដែនដីចុះជួយប្រជាពលរដ្ឋ ដែលជាពិសេសនោះ គេឃើញមានកម្លាំងសហការដែលចូលរួមដោយ កងយោធារបស់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ និងកម្លាំងមួយចំនួនទៀត រួមទាំងមធ្យាបាយជម្លៀសជនរងគ្រោះផងដែរ ដែលដឹកនាំដោយ ឯកឧត្តម សែម សុវណ្ណនី ក្នុងនាមប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំខ្នារសណ្តាយ ក៏មានវត្តមានផងដែរ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ។
ក្នុងសកម្មភាពទាំងនេះបានឆ្លុះបង្ហាញថា ជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់កម្លាំងចម្រុះគ្រប់ផ្នែក ដើម្បីត្រៀមជួយ និងចុះជួយប្រជាពលរដ្ឋ បង្កាហានីភ័យនៃគ្រោះទឹកជំនន់ ឆ្លើយតបតាមអនុសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលថា មិនទុកឲ្យប្រជាជនណាម្នាក់រងគ្រោះ អត់ឃ្លាន ដោយមិនបានដឹង មិនបានជួយ សង្គ្រោះនោះឡើយ។ យ៉ាងណាក៏ដោយ ក្នុងស្ថានភាពនៃការគំរាមកំហែងនេះ បើសិនជាភ្លៀងនៅតែបន្តធ្លាក់ មូលដ្ឋានដែលមានការព្រួយបារម្ភជាងគេ គឺភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ។
នៅក្នុងហេតុការណ៍នេះដែរ ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និង ផ្លូវគ្រួសក្រហមមួយចំនួន ត្រូវបានទឹកហូរឆ្លងកាត់ និងកំពុងជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ ។ អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិ ឃុំទាំងអស់នៃស្រុកបន្ទាយស្រី ក៏កំពុងត្រៀមកម្លាំងអន្តរាគមន៍ និង បើកមុខទឹក ព្រមទាំងតាមដានឃ្លាំមើលជាប្រចាំ ចំពោះស្ថានភាពវិវត្តនៃជំនន់ទឹកភ្លៀងនេះ ៕ដោយ៖ ម៉ី សុខារិទ្ធ