ទោះមិនមានថវិកាចូលរួមជាដុំកំភួន ក៏អាចជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងបានដែរ
មានការចាប់អារម្មណ៍ និងកោតសរសើរជាច្រើន ពីសំណាក់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញអាជ្ញាធរ និងអាជ្ញាធរដែនដី ចំពោះយុវជនមួយក្រុម ដែលបាននាំគ្នាចូលរួមក្នុងសកម្មភាពមនុស្សធ៌ម ជាមួយអាជ្ញាធរ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងរងការជន់លិច ដោយជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេ-ញ ។
យុវជនមួយក្រុម បានដាក់ឈ្មោះក្រុមរបស់ខ្លួនថា «យើងស្ម័គ្រចិត្តដើម្បីអ្នក»។ ពួកគេបានចូលរួមធ្វើសកម្មភាពជួយ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព អស់ជាច្រើនថ្ងៃកន្លងមកនេះ ។
ក្រុមយុវជននេះ មិនបានចូលរួមថវិកាជាដុំកំភួនអ្វីនោះទេ តែពួកគេបានចូលរួមដោយយកកម្លាំងកាយ នឹងបេះដូងដ៍បរិសុទ្ធ មកជួយដល់ជនរងគ្រោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។ ក្រុមយុវជនវ័យក្មេងប្រុស ស្រីនេះ បានចុះជួយសម្រួល រៀបចំការស្នាក់នៅ របស់ប្រជាពលរដ្ឋ និងបានយក មី នំប៉ាវ និងកាហ្វេជាដើម ទៅចែកជូនប្រជាពលរដ្ឋ ដែលបាន ជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយជំនន់ទឹកភ្លៀងនោះ។ បន្ថែមពីលើនោះ ពួកគេបានធ្វើសកម្មភាពរើសសំរាម ធ្វើអនាម័យ នៅកន្លែងដែលប្រជាពលរដ្ឋស្នាក់នៅ។
តំណាងរបស់យុវជនក្រុម «យើងស្ម័គ្រចិត្តដើម្បីអ្នក» បានលើកឡើងថា ការជួយសម្រួលដល់ទុក្ខលំបាកនៅក្នុងសង្គម មិនចាំបាច់ដល់មានធនធាន ឬទ្រព្យសម្បត្តិច្រើននោះទេ ។ តែយុវជនយើងទាំងអស់គ្នា អាចជួយដល់ការលំបាក របស់ប្រជាពលរដ្ឋ និងសង្គមបាន តាមរយៈកម្លាំងកាយ ចិត្ត និងតាមលទ្ធភាពដែលខ្លួនមាន ។ តំណាងក្រុមបានលើកឡើងថា អំពើល្អ មិនបានផ្តោតតែលើទ្រព្យសម្បត្តិ ឬធនធានច្រើន ទើបអាចធ្វើបាននោះឡើយ មានត្រឹមតែ មីមួយកំប៉ុង នុំប៉ាវមួយ កាហ្វេមួយកែវ ក៏ជាទឹកចិត្តរបស់ពួកយើងខ្ញុំ ការជួយសង្គម គឺចាប់ផ្តើមពីយើងម្នាក់ៗទៅ។
កាយវិការរបស់យុវជនក្រុមនេះ ទទួលបានការកោតសរសើរជាច្រើន ពីអាជ្ញាធរ និងប្រជាពលរដ្ឋរងគ្រោះ ។ បើតាមអាជ្ញាធរបានអះអាងថា យុវជនមួយក្រុមនេះ គេបានមកធ្វើសកម្មភាពមនុស្សធ៌ម ដោយមិនមានការស្នើសុំ ពីអាជ្ញាធរនោះឡើយ។ អាជ្ញាធរ ក៏ចង់ឃើញយុវជនខ្មែរ ចូលរួមក្នុងសកម្មភាពមនុស្សធ៌ម ក្នុងសង្គមបែបនេះឱ្យបានច្រើន ដើម្បីជាគំរូល្អក្នុងសង្គម ៕