ប្រជាពលរដ្ឋម្នាក់ដែលត្រូវបានសង្គ្រោះ ពីគ្រោះទឹកជំនន់នៅស្រុកថ្មពួក បានផ្ញើសារថ្លែងអំណរគុណចំពោះកងទ័ពតាមកញ្ចប់បាយ បានធ្វើឱ្យកងទ័ពរំភើបចិត្ត មានកម្លាំងចិត្ត ក្នុងការជួយសង្គ្រោះ
បន្ទាយមានជ័យ៖ ប្រពលរដ្ឋក្នុងភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក បានវិចខ្ចប់បាយស្លឹកចេក ផ្ញើជូនកងកម្លាំងវរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ទទួលទាន ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព នៅថ្ងៃ១៩តុលាឆ្នាំ២០២០នេះ។
នៅពេលដែលកម្លាំងកងទ័ពបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញ ក្រដាសមួយសន្លឹក ក្រោយពីការបើកក្រដាសដែលបត់ជាច្រើនផ្នត់នោះ ទើបគេឃើញថា ជាលិខិតមួយដោយបានសរសេរថា( ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់គ្នា)។
មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥លោកឧត្តមសេនីយ៍ទោ សេង ធារិន បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថា វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ លោកថា នោះគឺជាការផ្តល់កំលាំងចិត្តយ៉ាងធំធេងដល់កងទ័ព ។ លោកបានបន្តថា ជាទម្លាប់ របស់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ឱ្យតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋានរបស់គាត់ ប្រជាពលរដ្ឋតែងតែដាំបាយវិចខ្ចប់ ក្នុង១គ្រួសារ១កញ្ជប់ ជូនកងកម្លាំងទទួលទាន ដែលនោះបង្ហាញពីទឹកចិត្ត និងវប្បធម៌ចែករំលែក និងសាមគ្គីភាពចំពោះសមរភូមិមុខ និងសមរភូមិក្រោយនៅគ្រប់កាលៈទេសៈទាំងអស់។
សូមបញ្ជាក់ថា មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាឲ្យបណ្ដាអង្គភាពចំណុះឱ្យកងទ័ពជើងគោក ត្រៀមលក្ខណៈ កម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិសាស្ត្រនោះត្រូវរបស់ខ្លួនគ្រប់ទីកន្លែង៕