ឥណ្ឌាអះអាងថា អូស្ត្រាលីនឹងចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នាជាមួយឥណ្ឌា សហរដ្ឋអាមេរិក និងជប៉ុននាខែក្រោយនេះ
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះប្រកាសថា អូស្ត្រាលីនឹងចូលរួមសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នាមួយមានឈ្មោះថា “Malabar ២០២០” ដែលគ្រោងនឹងធ្វើឡើងជាមួយឥណ្ឌា អាមេរិកនិងជប៉ុននាខែក្រោយ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីលោក Linda Reynolds បានគូសបញ្ជាក់ថា សមយុទ្ធខាងលើនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់កងកម្លាំងការពារជាតិអូស្ត្រាលី ហើយពួកគេបានបង្ហាញនូវការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ រវាងបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗចំនួន០៤ និងមានឆន្ទៈរួមក្នុងការសហការគ្នាដើម្បីផលប្រយោជន៍សន្តិសុខរួម ។
ស្របពេលជាមួយគ្នានោះដែរ ខាងភាគីចិនមិនទាន់បានបញ្ចេញប្រតិកម្មអ្វីនៅឡើយទេ ជុំវិញការធ្វើសមយុទ្ធខាងលើនេះ ដោយទីក្រុងប៉េកាំងតែងតែចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថេរភាពក្នុងតំបន់ ខណៈអាមេរិកបាននិងកំពុងជំរុញឲ្យមានកិច្ចសហការកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលជាកម្លាំងដ៏សំខាន់ ដើម្បីខ្ទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ៕