វៀតណាមជឿថា ការនាំចេញក្នុងឆ្នាំនេះនឹងកើន៤ភាគរយ ទោះបីជួបញ្ហាកូវីដ១៩ក៏ដោយ
ការនាំចេញរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២០នេះត្រូវបានប៉ាន់ស្មានថា នឹងមានកំណើន ចន្លោះពី៣ទៅ៤ភាគរយ ទោះបីជាមានបញ្ហាជំងឺរាតត្បាតកូវីដ១៩ក៏ដោយ នេះបើតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នាព្រឹកថ្ងៃទី២០ តុលានេះ។
ក្រសួងថា ៩ខែដំបូងនៃឆ្នាំ២០២០នេះ សកម្មភាពនាំចេញរបស់វៀតណាមនៅតែរក្សាកំណើនវិជ្ជមាន ខណៈដែលសេដ្ឋកិច្ចក្នុងប្រទេសជាច្រើនលើពិភពលោកនិងក្នុងតំបន់ត្រូវបានមើលឃើញពីភាពអវិជ្ជមាន ដូច្នេះការនេះបង្ហាញថា សកម្មភាពផលិតក្នុងប្រទេសវៀតណាមបានងើបឡើងវិញបានច្រើន ក្រោយរងការវាយប្រហារពីបញ្ហាកូវីដ១៩។
ស្ថិតិរបស់ក្រសួងបង្ហាញថា ទំហំនាំចេញទំនិញរបស់វៀតណាមចាប់ពីខែមករា ដល់កញ្ញា កើនឡើង៤.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ រីឯតម្លៃនាំចេញក្នុងត្រីមាសទី៣ ឆ្នាំ២០២០បានឈានដល់៨០ពាន់លានដុល្លារអាមេរិក កើនឡើង១១ភាគរយ បើធៀបនឹងត្រីមាសទី៣ឆ្នាំ២០១៩ ហើយកើនឡើង៣៤ភាគរយ បើធៀបនឹងត្រីមាសទី២ឆ្នាំ២០២០៕