លោក ហ៊ុន ម៉ាណែត ទទួលថវិកា១០ម៉ឺនដុល្លារ និងសម្ភារៈជាច្រើនពីយុទ្ធការ “ទឹកចិត្តកម្ពុជា” សម្រាប់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្ន
យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក, អង្ករ២០០តោន, ទឹកបរិសុទ្ធកម្ពុជា៣ពាន់កេស, ទឹកក្រូចអាយស៍ IZE ១ពាន់កេស និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥០០កេសសម្រាប់ចូលរួមចំណែកជាមួយកងទ័ពជើងគោក ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។
ការប្រគល់អំណោយជាសម្ភារៈ និងថវិការនោះ បានធ្វើឡើងរវាងប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោ TYDA គឺលោក ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង នាថ្ងៃ១៩តុលាឆ្នាំ២០២០។ អ្នកឧកញ៉ា លាង ឃុន បានថ្លែងថា អំណោយទាំងនោះ គឺដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់។
លោកថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ មិនអាចទ្រាំមើលប្រទេសកម្ពុជាដែលកំពុងស្ថិតក្នុងគ្រោះអាសន្ននឹងភ្នែកទទេបានទេ។ ដូច្នេះក្នុងនាមជាពលរដ្ឋកម្ពុជា និងជាតំណាងក្រុមហ៊ុន ដែលតែងតែឈរលើស្មារតីបរិច្ចាគត្រឡប់ទៅសង្គមវិញ ក្រុមហ៊ុន ជីប ម៉ុង ត្រូវតែចូលរួមដោយឆន្ទៈ ដោយឧបត្ថម្ភស្បៀង និងភេសជ្ជៈ ព្រមទាំងថវិកា ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបការសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ជីប ម៉ុង ទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ពក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។
លោកបានចាត់ទុកថា នោះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។ សូមបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតទឹកបរិសុទ្ធ កម្ពុជា គឺដើម្បីចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ ជាពិសេសដល់ពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់៕