រដ្ឋបាលក្រុងប៉ោយប៉ែត ជូនដំណឹងស្តីពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំក្នុងកំឡុងពេលទឹកជន់លិចកំណាត់ផ្លូវជាតិលេខ៥ និង ផ្លូវលំនានា
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផ្លូវជាតិលេខ៥ត្រង់ចំណុច អាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរីទៅស្រុកម៉ាឡៃ និងផ្លូវលំនានា ក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងប៉ោយប៉ែត សម្រេចផ្អាកឲ្យរថន្តធុនធ្ងន់ ធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។ ការជន់លិចផ្លូវនេះដោយសារតែទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀងពីប្រទេសថៃ ជាពិសេសធ្វើឲ្យកម្រិតទឹកកើនឡើងជាកំហុកបណ្តាលឲ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនដែលនៅជាប់បណ្តោយអូរ ជាប់ព្រំដែនកម្ពុជា-ថៃ រួចច្រាលមកលិចកំណាត់ផ្លូវជាតិលេខ៥។
ដើម្បីការពារសុវត្ថិភាព និងជៀសវាងការខូចខាតផ្លូវធ្ងន់ធ្ងរ រដ្ឋបាលក្រុង សូមធ្វើការផ្អាកបណ្តោះអាសន្ន នូវយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវវំបែកកូនដំរីទៅស្រុកម៉ាឡៃ និងផ្លូវក្នុងទីប្រជុំជនក្រុង រហូតដល់ទឹកស្រកទៅវិញអស់៕