ព្យុះថ្មីមួយទៀត អាចមានឥទ្ធិពល មកលើប្រទេសកម្ពុជា នៅភាគឦសាន
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីព្យុះថ្មីមួយទៀត នៅក្នុងមហាសមុទ្រ ស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានខ្យល់ព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL ) នៅព្រឹកថ្ងៃទី២០ ខែតុលា។ តាមការព្យាករ បញ្ជាក់ថា ព្យុះនេះ នឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា ហើយវាអាចមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះនៃភាគឦសាន នៃប្រទេសកម្ពុជា។
ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិច ទៅមធ្យម។ រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីតិច ទៅមធ្យម។ ដោយឡែក នៅតំបន់មាត់សមុទ្រ ក៏នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសអំពាវនាវសូមសាធារណជន បន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕