ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍បញ្ជាក់ថា ឆ្នាំនេះកម្ពុជាមានអំបិលសម្រាប់ផ្គត់ផ្គងក្នុងស្រុកគ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូលពីក្រៅដូចឆ្នាំកន្លងទៅទេ
ភ្នំពេញ៖ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានវត្តន៍បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ យើងមានអំបិលសម្រាប់ផ្គត់ផ្គងក្នុងស្រុកគ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូលពីក្រៅដូចឆ្នាំកន្លងទៅនោះទេ ដោយអំបិលដែលយើងប្រមូលបានក្នុងឆ្នាំនេះ មានចំនួន៨ម៉ឺន៣ពាន់៩រយតោន និងបានបញ្ចេញលក់គិតត្រឹមពេលបច្ចុប្បន្ននេះចំនួន៥ម៉ឺន៣ពាន់តោន ខណៈអំបិលនៅសល់ក្នុងឃ្លាំងចំនួន៣ម៉ឺន១ពាន់តោនផងដែរ ។
លោកបន្តថា ចំពោះការផលិតអំបិលសម្រាប់ប្រើប្រាស់នេះដែរ គឺសល់រយៈ៣ទៅ៤ខែទៀតនឹងត្រូវចាប់ផ្ដើមផលិតវិញហើយ នៅខែមករាដើមឆ្នាំ២០២១ខាងមុខ ដូច្នេះចំនួនអំបិលដែលមាននៅសល់ក្នុងឃ្លាំង៣ម៉ឺន១ពាន់តោននេះ គឺវាអាចគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដល់រដូវការផលិតវិញផងដែរ ។ លោកបញ្ជាក់ថា រយៈពេល៣ឆ្នាំកន្លងមក គឺឆ្នាំ២០១៧ ២០១៨ និង២០១៩ ក្នុង១ឆ្នាំៗកម្ពុជាផលិតអំបិលបានត្រឹមត្រូវតែ ៥ម៉ឺនតោននោះទេ ហើយសរុប២ឆ្នាំចុងក្រោយនេះ មានការនាំចូលអំបិលពីក្រៅមកមានចំនួនសរុប៣ម៉ឺនតោន ។ លោកបន្ថែមថា អំបិលដែលផលិតនៅខេត្តកំពត និងខេត្តកែប រៀងរាល់ឆ្នាំ គឺត្រូវលក់ចេញសម្រាប់ផ្គត់ផ្គងតម្រូវការក្នុងស្រុកក្នុង១ឆ្នាំៗមានចំនួន១០ម៉ឺនតោន ហើយអំបិលឆ្នាំនេះនៅកម្ពុជា គឺអាចទប់ទល់ចំពោះការប្រើប្រាស់ក្នុងស្រុកបាន ដោយមិនភ័យខ្វះ ឬការនាំចូលពីក្រៅនោះទេ ។
លោកបន្តទៀតថា សម្រាប់អំបិលដែលផលិតក្នុងស្រុកនេះ បើគិតជាមធ្យមនៅពេលបច្ចុប្បន្ននេះមានតម្លៃ១៨ម៉ឺន៥ពាន់រៀល ទៅ១៩ម៉ឺនរៀលក្នុង១តោន ហើយក្នុងនោះមានអំបិលចំនួន៣ប្រភេទដូចជា៖ អំបិលលេខ១, អំបិលលេខ២, និងអំបិលលេខ៣ ហើយសម្រាប់អំបិលលេខ១ មានតម្លៃ១ម៉ឺន២ពាន់រៀលក្នុង១បាវទម្ងន់៥០គីឡូក្រាម និងស្មើនឹង៥ភាគរយនៃចំនួនអំបិលសរុប, អំបិលលេខ២ មានតម្លៃ១ម៉ឺនរៀលក្នុង១បាវទម្ងន់៥០គីឡូក្រាម ស្មើនឹង៥០ភាគរយនៃអំបិលសរុប និងអំបិលលេខ៣ មានតម្លៃ៨ពាន់រៀលក្នុង១បាវទម្ងន់៥០គីឡូក្រាម ស្មើនឹង៤៥ភាគរយនៃអំបិលសរុប ។ លោកបញ្ជាក់ទៀតថា ចំណែកផ្ទៃដីសម្រាប់ផលិតអំបិលវិញ គិតនៅក្នុងខេត្តកំពត មានចំនួនជាង៣ពាន់៧២៦ហិចតា ហើយក្នុងឆ្នាំនេះផ្ទៃដីផលិតជាក់ស្ដែង គឺមានចំនួន២ពាន់៨៥៧ហិចតា ៕