ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាវាយកូនឃ្លីលើតុ លើកទី១ ឆ្នាំ២០២០ ទាកទាញ់បាន២២ក្រុមមកពីទូទាំងរាធានី-ខេត្តក្រុងចូលរួម

អត្ថបទដោយ៖
សារ៉ាន ទីងី

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំ​ឆ្នាំ​២០២០ បានចាប់ផ្តើមការប្រកួតជាផ្លូវការ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅសាល​សហព័ន្ធ​​​កីឡាវាយកូនឃ្លី លើតុកម្ពុជា ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ពីសំ​ណាក់​ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម គៀត ច័ន្ទ​ថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណ​កម្ម​ការ​អូឡាំ​​ពិក​កម្ពុជា តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រួមជាមួយថ្មាក់ដឹកនាំ​ និងមន្ត្រីកីឡាករ កីឡាការិនី វាយ​កូ​នឃ្លីលើតុជា​ច្រើនទៀត​ផង​ដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

បើតាមលោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១នេះ​រៀប​ចំ​ឡើងក្នុងន័យ បំផុសចលនា យុវកីឡាករ-កីឡាការិនី ឲ្យងាកមកចាប់អារម្មណ៍​ប្រភេ​ទកីឡា​នៅ​ក្នុង​ប្រទេសកម្ពុជាមួយនេះ កាន់តែផុសផុល សម្រាប់ស្វែងរកធនធានឆ្នើម​យកមកបណ្តុះ​បណ្តាល​ត្រៀម​ការប្រកួតជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ​ ។ លោក ស៊ុន សុធារិទ្ធ បានអោយដឹងថា ចំពោះ​វិញ្ញា​សា​ដាក់​ប្រកួត មានពីរក្របខ័ណ្ឌ គឺក្របខ័ណ្ឌ ក១ មានអាយុ​ចាប់​ពី​១៩​ឆ្នាំ​ឡើងទៅ និង​ក្រប​ខ័ណ្ឌ ក២ មាន​អាយុ១៨ឆ្នាំចុះ  ដោយបែងចែកក្នុងមួយក្របខ័ណ្ឌមាន ៤វិញ្ញា​សារ ដោយ​ទាក​ទាញ​បាន ក្រុម ចូលរួមប្រកួតប្រជែង ចំនួន២២ មកពីទូទាំងរាធានី-ខេត្តក្រុង។

ឯកឧត្តម គៀត ច័ន្ទ​ថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ

ឯកឧត្តម វ៉ា​ត់ ចំរើន បានលើកឡើងដែលថា «​ដើម្បី​ជំរុញ​បន្ថែម​ល្បឿន​អភិវឌ្ឍ​គុណ​ផល​កីឡា  កម្រិត​ខ្ពស់ ដល់​កីឡាករ កីឡា​កា​វិ​នី​វាយ​កូនឃ្លី​លើ​តុ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ឯកភាព​ជាមួយ​ក្រុម​ជំនាញ​កីឡា និង​ក្រុម​សិក្សា​ស្រាវជ្រាវ​មកពី​ក្រុមហ៊ុន​កីឡា​អន្តរជាតិ តំណាង​ឲ្យ​អាជ្ញាធរ​កីឡា នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្តល់​ចំនួន​កីឡាករ កីឡាការិនី វាយ​កូនឃ្លី​លើ​តុ​ចំនួន​៨​នាក់ ត្រៀម​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ដូចនេះ សូម​សហព័ន្ធ​ត្រៀមលក្ខណៈ​ជ្រើសរើស​កីឡាករ កីឡាការិនី​មាន​ទេពកោសល្យ មាន​វិន័យ ក្រមសីលធម៌​កីឡា​ល្អ​បញ្ជូនទៅ​ធ្វើការ​ហ្វឹកហាត់ ឲ្យ​ទទួលបាន​ជោគជ័យ​ត្រឡប់មក​ប្រកួត​កីឡា SEA Games ឆ្នំ​២០២៣​ដណ្ដើមយក​មេដាយមាស ចំនួន​១​គ្រឿង សម្រាប់​កីឡាវាយកូនឃ្លីលើតុ តាម​តារាង​ស​ន្ទ​ស្សន៍​មេដាយ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានប្រកាស​ក្នុង​មហាសន្និបាត​នា​ដើមឆ្នាំ​២០២០ កន្លងមក​»​។​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណ​កម្ម​ការ​អូឡាំ​​ពិក​កម្ពុជា

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០នេះ ទទួលបានការគាំទ្រថវិការមួយចំនួនពីក្រសួងអប់រំ យុវជន និងកីឡា​ព្រទាំងសមាជិកគណៈកម្មាធិការសហព័ន្ធផងដែរ ដោយមានប្រតិភូគ្រូ​បង្វឹកចូលរួម​ចំនួន​៤១​នាក់ស្រី១​នាក់ អត្តពលិកក្របខ័ណ្ឌ ក១ មានចំនួន ៩០រូប (ស្រី៥នាក់) អត្តពលិកក្របខ័ណ្ឌ ក២ មានចំនួន ៤២នាក់ (ស្រី១៣នាក់) សរុបទាំងអស់១៧៣នាក់ (ស្រី១៩នាក់)៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner