អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះ កងទ័ពប្រជាជនវៀតណាម ព្រមទាំងគ្រួសារសពចំពោះការពលីជីវិត ក្នុងបេសកកម្មសង្គ្រោះគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម
ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសវៀតណាម ត្រូវគេរាយការណ៍ថាបានបណ្ដាលឲ្យមនុស្ស ១០២នាក់ស្លាប់ និងបាត់ខ្លួន ខណៈមនុស្សរាប់ម៉ឺននាក់បានបាត់បង់ទីលំនៅ ដោយសារតែកម្ពស់ទឹកហក់ឡើងកាន់តែខ្ពស់។ ព្យុះលីនហ្វា និងព្យុះណាងកា ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយ បានបក់នាំទឹកភ្លៀងខ្ពស់ជាងកម្រិតភ្លៀងធ្លាក់ បង្កជាទឹកជំនន់ បំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង១៣ម៉ឺន៦ពាន់ខ្នង និងពលរដ្ឋជាង៩ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ កាលពីថ្ងៃ ទី១៨តុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច២២នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីទៅលើបន្ទាយកងទ័ពមួយនៅក្នុងខេត្ត ក្វាងទ្រី(Quang Tri) ភាគកណ្ដាលនៃប្រទេសវៀតណាម។
នៅថ្ងៃទី១៩តុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ លោក ឧត្ដមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ យ៉ាង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមទាំងមូល ព្រមទាំងគ្រួសារសពចំពោះការពលីជីវិតរបស់កម្មាភិបាលនិងកងកម្លាំងកងទ័ពប្រជាជនវៀតណាមក្នុងបេសកកម្មសង្គ្រោះគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម ជាពិសេសនៅខេត្តក្វាងទ្រី (Quang Tri) និងខេត្តធឿ ធាន ហ្វេ (Thua Thien Hue)។
នាយឧត្តមសេនីយ៍វង្ស ពិសេន បានចាត់ទុកពលិកម្មប្រកបដោយគំរូវៅរភាពរបស់កម្មាភិបាល និងកងកម្លាំងកងទ័ពប្រជាជនវៀតណាមនាពេលនេះ នឹងត្រូវចងចាំជានិច្ចក្នុងបេះដូងប្រជាជនវៀតណាម និងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រនៃកងទ័ពប្រជាជនវៀតណាម។ លិខិតរបស់នាយឧត្តមសេនីយ៍វង្ស ពិសេន បានបន្តថា តាងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ លោកសូមបួងសួង និងឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរភាពកម្មាភិបាល និងកងកម្លាំងកងទ័ពប្រជាជនវៀតណាមឲ្យបានសោយសុខក្នុងសុគតិភព៕