អាងទំនប់អូរខៃដន ប៉ែកខាងជើង បាក់ហៀរជនជោរមកខាងប៉ែកក្រោម ខណៈទឹកជំនន់ឆ្លងដែនរុញទម្លាក់ពីព្រំដែនថៃ និងជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ
ទឹកជំនន់ឆ្លងដែនរុញទម្លាក់ពីព្រំដែនថៃ នៃស្រុកអារញ្ញា ខេត្តស្រះកែវ មកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាជ្ញាធរថៃបានប្រកាសអាសន្នកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ហើយអាជ្ញាធរកម្ពុជា ក៏បានជូនដំណឹងដល់ពលរដ្ឋ និងសាធារណៈជន និងបានជន្លៀស ប្រជាពលរដ្ឋមកទីទួល សុវត្តិភាព។
ទឹកជំនន់នៅនេះដែរ បានហៀរខ្ចាក់ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កាលពីព្រឹក វេលាម៉ោង ៥៖២០នាទី ធ្វើអាយទំនប់អាងអូរខៃដនត្រូវបានបាក់១៥ម៉ែត្រ នៃប៉ែកខាងជើងទំនប់អាង ហើយទឹកបានហូរកាត់កំណាត់ជាតិលេខ៥ ប្រវែង៥៦០ម៉ែត្រ និងមានជម្រៅ ២តឹក ហើយទឹកបានកើនកំពស់ជាបន្តបន្ទាប់ផងដែរ។
សូមរំលឹកថា យោងតាមការប្រកាសអាសន្នរបស់អាជ្ញាធរថៃ នៅស្រុកអារញ្ញប្រាថេត ក៏ដូចខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែតុលា ដែលមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានដឹងដែរ បានព្រមានពីគ្រោះថ្នាក់ពីទឹកជំនន់ ដែលបើកបង្ហូរពីអាងទឹកធំៗនៅខេត្តប្រាជីនបូរី និងខេត្តស្រះកែវ ដើម្បីបន្ធូរទឹកដែលហក់ឡើងព្រោះភ្លៀងធ្លាក់ ។ ជាក់ស្តែងទឹកទាំងនោះបូកនឹងជំនន់ទឹកភ្លៀង បាននឹងកំពុងពន្លិចក្នុងភូមិសាស្ត្រប្រទេសថៃ ហើយហូរចុះមកទឹកដីប្រទេសកម្ពុជា នៅក្រុងប៉ោយប៉ែតមួយចំនួនហើយ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ពុក ម៉ែ បងប្អូន និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ មេត្តាជ្រាបជាព័ត៌មាន សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ហើយធ្វើដំណើរឆ្លងកាត់ក៍សូមមានការប្រុងប្រយ័ត្នផងដែរ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញា ធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា…៕ ដោយ៖ឃិន គន្ធា