គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំស្តីពី “យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត “

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំកិច្ចប្រជុំស្តីពី “យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័ន ចំនួន ១១ ដែលជាអនុប្រធាន និងសមាជិក គ.ប.ផ.ក រួមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក បានអានរបាយការណ៍សកម្មភាព និងទិសដៅអនុវត្តន៍បន្ត ដោយសង្ខេប រយៈពេល ០៩ខែ ឆ្នាំ២០២០ របស់ គ.ប.ផ.ក ដែលបានអនុវត្តន៍កន្លងមក។ ជាកិច្ចបន្ត  ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានមានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងដឹកនាំពិភាក្សារលើប្រធានបទ ៖

១. យន្តការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឲ្យបានជោគជ័យ មានប្រសិទ្ធិភាព និងទិសដៅអនុវត្តន៍បន្ត
២. ការងារផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិដើម្បីធានាដល់ការអនុវត្ត និងបញ្ហាផ្សេងៗ ។

ក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍  បានបញ្ជាក់ពីជំហរ របស់ គ.ប.ផ.ក គឺធ្វើដើម្បីការធានា និងការពារសុខុមាលភាពប្រជាពលរដ្ឋ ជាចម្បង ដោយ ជំរុញការងារផ្សព្វផ្សាយអប់រំបង្កា និងទប់ស្កាត់  ការអនុវត្តកិច្ចប្រតិបត្តិការបង្រ្កាប និងកិច្ចសហប្រតិបត្តិការ សម្របសម្រួលជាមួយ បណ្តាអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលករណីនេះមិនមែនជាសមត្ថកិច្ចផ្តាច់មុខ របស់ក្រសួង ឬស្ថាប័នណាមួយតែឯកឯងនោះទ្បើយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តលើកទ្បើងថា ទោះបីជាបច្ចុប្បន្ននេះ ការងារប្រយុទ្ធប្រឆាំងបទល្មើសផលិតផលក្លែងក្លាយ ទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏បទល្មើសនេះកំពុងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ និងស្ទើតែគ្រប់ទីកន្លែង ហើយត្រូវបានសកលលោកចាត់ទុកជាបទល្មើសឧក្រិដ្ឋឆ្លងដែនដែលមានលក្ខណៈជាអង្គការចាត់តាំង ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានដឹកនាំអង្គប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូលផ្សេងៗ ដែលតំណាងអន្តរក្រសួង ស្ថាប័ននានា និងមន្រ្តីជំនាញចួលរួមជាមតិយោបល់ ដើម្បីបញ្ចូលក្នុងយន្តការអនុវត្តន៍ ទិសដៅបន្ត និងបញ្ចូលក្នុងការងារផែនការសកម្មភាព ៥ ឆ្នាំ គឺផែនការ ២០២១ ដល់ ២០២៥ របស់ គ.ប.ផ.ក ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner