ឆ្នាំ២០២០ កំពូលមហាសេដ្ឋីនៅចិនរកចំណូលកើនខ្លាំងដល់ ១.៤ទ្រីលានដុល្លារ ក្នុងបរិបទកូវីដ១៩
កំពូលមហាសេដ្ឋីនៅប្រទេសចិនរកចំណូលកើនខ្លាំងជាប្រវត្ថិសាស្ត្រ នៅឆ្នាំ២០២០ ក្នុងនោះ មានដល់ទៅ១.៥ទ្រីលានដុល្លារអាមេរិក ស្មើនឹងរយៈពេល៥ឆ្នាំបូកបញ្ជូនគ្នា ទើបស្មើនឹងចំណូលឆ្នាំនេះ ខណៈដែលពាណិជ្ជកម្មអេឡិចត្រូនិក និង ការលេងហ្គេមផ្ទុះខ្លាំង ក្នុងពេលបិទប្រទេសដោយសារតែកូវីដ១៩។
គិតត្រឹមខែសីហា ចំនួនកំពូលមហាសេដ្ឋី នៅក្នុងប្រទេសមហាយក្សសេដ្ឋកិច្ចលំដាប់ទី២មួយនេះ កើនឡើង២៥៧នាក់ថែមទៀត នេះបើតាមប្រភពពី Hurun Report ដែលតាមដានជាប់ជាប្រចាំលើការងារនេះ។ មកទល់ពេលនេះ ចិនមានកំពូលមហាសេដ្ឋីកើនដល់៨៧៨នាក់ហើយ ខណៈដែលសហរដ្ឋអាមេរិកមាន៦២៦នាក់ បើតាមប្រភពដដែល។
របាយការណ៍ក៏បានរកឃើញដែរថា មានបុគ្គលមានទ្រព្យលើស៣០០លានដុល្លារអាមេរិក ប្រមាណជាង២ពាន់នាក់ គិតត្រឹមខែសីហា ដែលបញ្ជូលគ្នាទៅ មានតម្លៃប្រមាណ៤ទ្រីលានដុល្លារអាមេរិក។
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba Group ឈានមុខគេម្តងទៀត ក្រោយពេលទ្រព្យសម្បត្តិរបស់លោកកើន៤៥ភាគរយ ពោលគឺ៥៨.៨ពាន់លានដុល្លារអាមេរិក ខណៈដែលការទិញទំនិញតាមអនឡាញកើនឡើងយ៉ាងខ្លាំង ប៉ុន្មានខែមកនេះ ព្រោះប្រជាជននៅផ្ទះភាគច្រើន។ អ្នកមានលំដាប់ទី២ គឺលោក Pony Ma មានទ្រព្យ ៥៧.៤ពាន់លានដុល្លារអាមេរិក ហើយលោកគឺជាម្ចាស់ក្រុមហ៊ុន Game ដ៏ធំ និងបណ្តាញសង្គម WeChat៕ ប្រភពពីបាងកកប៉ុស្តិ៍