សាខាកាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់អំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផង ដើម្បីរៀបចំចាត់ចែងជូនគ្រូសារពលរដ្ឋដែលបានទទួលរងគ្រោះនៃជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។
អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានឲ្យដឹងថា នៅកំឡុងថ្ងៃ១៧ ដល់២០ ខែតុលា ឆ្នាំ២០២០ ស្រុកព្រៃនប់បានទទួលរងគ្រោះជំនន់ទឹកភ្លៀង ដោយឥទ្ធិពលព្យុះ និងបានបណ្តាលឲ្យឃុំចំនួន ៤ មានឃុំ ឃុំទួលទទឹង ឃុំអណ្តូងថ្ម និងឃុំសំរុង ព្រៃនប់ត្រូវបានជន់លិច។ ជំនន់នេះបានបណ្តាលឲ្យ ប៉ះពាល់ប្រជាជន ចំនួន ១,២៣៧គ្រួសារ ក្នុងនោះ ឃុំព្រៃនប់ ៤០២គ្រួសារ ឃុំទួលទទឹង ៣៤៣គ្រួសារ ឃុំអណ្តូងថ្ម ៣៥២គ្រួសារ និងឃុំសំរុង ១៤០គ្រួសារ ។
ថ្លែងក្នុងឱកាសនៃពិធីចែកអំណោយមនុស្សធម៌នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរំលឹកមន្ត្រីនៅតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលប្រជាជនងាយរងគ្រោះ និងទីទ័លក្រនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីលៃលកជួយពួកគាត់បានទាន់ពេលវេលា។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ការពារកុំអោយឆ្លង ជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជាអាចទទួលរងឥទ្ធិពលព្យុះថ្មីមួយទៀតដែលបក់កាត់ភាគកណ្តាលនៃប្រទេសវៀតណាម។ ស្ថានភាពបែបនេះ ខេត្តព្រះសីហនុ ក៏ទំនងជាអាចរងផលរំខានខ្លះៗដែរ។ ដូច្នេះសូមប្រជាជនយើងមានការប្រុងប្រតយ័ត្នខ្ពស់ ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រត្រូវពិនិត្យតាមដានអំពីស្ថានភាពអាកាសធាតុឲ្យបានដិតដល់មុនធ្វើដំណើរដើម្បីជៀសវាង នូវគ្រោះថ្នាក់ជាយថាហេតុ៕ ដោយ៖ សាវ៉ុន