ប្រជាកសិករក្នុងខេត្តព្រះវិហារ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្ម ពីអង្គការអ៊ីកូប្រចាំ នៅកម្ពុជា

អត្ថបទដោយ៖
ធី ដា

ខេត្តព្រះវិហារ៖ អង្គការអ៊ីកូប្រចាំកម្ពុជា គឺជាអង្គការដៃគូអភិវឌ្ឍន៍លើវិស័យកសិកម្ម ជាមួយរាជ រដ្ឋាភិបាលកម្ពុជា និងអង្គការនេះបានសហការជាមួយដៃគូជាច្រើនទៀត ដើម្បីបង្កើតគម្រោងទិន្ន័យភូមិ សាស្រ្ត សម្រាប់កសិកម្ម និងទឹក ក្នុងកម្មវិធីទូរសព្ទ័ដៃស្មាតហ្វូន មានឈ្មោះថា អង្គរសាឡាត់ អ៊ែប «Angkor SALAD App» ដើម្បីបង្កើនភាពងាយស្រួលក្នុងការផ្សារភ្ជាប់កសិករ ជាមួយដៃគូរពាណិជ្ជកម្មកសិកម្ម អ្នកជំនាញប្រឹក្សាបច្ចេកទេសកសិកម្ម និងជួយកសិករក្នុងការរកទីផ្សារលក់កសិផល ផងដែរ ។

អង្គការអ៊ីកូ ,អង្គរហ្គ្រីន និងដៃគូ ៥ទៀត បានសហការរួមគ្នា បើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម ការដាំដុះ ការប្រើប្រាស់ទឹក និងផ្សព្វផ្សាយការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «អង្គរសាឡាត់» ដល់ប្រជាកសិករ ជាង ៥០នាក់ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំលីហួត ស្ថិតក្នុងក្រុងព្រះវិហារ។

ប្រធានគម្រោងអង្គរសាឡាត់ នៃអង្គការអ៊ីកូ ប្រចាំកម្ពុជា លោក សំ បូណា បានលើកឡើងថា ដើម្បី ជ្រោមជ្រែងដល់កសិករលើវិស័យកសិកម្ម អង្គការអ៊ីកូ បានសហការជាមួយអង្គការដៃគូ ៥ផ្សេងទៀត បង្កើត កម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា អង្គរសាឡាត់អ៊ែប «Angkor SALAD App»  ដាក់ឲ្យកសិករដំណើរការ នូវប្រព័ន្ធបច្ចេកវិទ្យាតាមទូរស័ព្ទដៃ។ លោកបានបន្តថា កម្មវិធីទូរស័ព្ទមួយនេះ បង្កើតឡើងក្នុងគោលបំណង សំខាន់ ចង់ជួយដល់កសិករទាំងអស់ ក្នុងការផ្សារភ្ជាប់ទៅកាន់ទីផ្សារពាណិជ្ជកម្ម និងការធានាតម្លៃសមរម្យ និងការបង្កើតការទំនាក់ទំនង ជាមួយអ្នកវិនិយោគលើដំណាំកសិកម្ម ហើយកសិករទាំងអស់អាចប្រឹក្សា ពីការផលិតដំណាំកសិកម្មគ្រប់ប្រភេទ ជាមួយអ្នកជំនាញកសិកម្ម ដើម្បីយកទៅអនុវត្តន៍ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។

អភិបាលស្តីទីខេត្តព្រះវិហារ លោក គោស៊ុ ប៊ុនសឿត បានទទួលស្គាល់ថា កម្មវិធីទូរស័ព្ទដៃ ដែលបង្កើតឡើងដោយអង្គការអ៊ីកូ និងអ្នកពាក់ព័ន្ធផ្សេងៗ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ ដល់ប្រជា កសិករបានមួយផ្នែកធំ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដូចជាការដាំដុះបន្លែសរីរាង្គ ដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានគុណភាព និងតម្លៃកាន់តែប្រសើរឡើង ។ លោកអភិបាលស្តីទីខេត្ត បានបន្តថា លោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាកសិករទាំងអស់ នឹងចូលរួម សិក្សាអំពីកម្មវិធីទូរស័ព្ទថ្មីមួយនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងការធ្វើទំនើបកម្មកសិកម្ម នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងថា ខេត្តព្រះវិហារ បានសហការជាមួយក្រុមហ៊ុនអង្គរហ្រ្គីន និងដៃគូ បានបង្កើតជាអង្គរសាឡាត់ ហៅថា អង្គរសាឡាត់អ៊ែប «Angkor SALAD App» ដែលជួយដល់ជាជីវករលក់ធាតុចូលកសិកម្ម ការផ្តល់សេវា កម្មផ្នែកទីផ្សារ បច្ចេកទេសកសិកម្ម និងការអនុវត្តន៍កសិកម្មល្អ ហៅថា ហ្គែប សេវាកម្មទាំងអស់នេះ ឬ ប្រព័ន្ធស្រោចស្រព ដែលទាក់ទងនឹងវិស័យកសិកម្ម ដូច្នេះ បងប្អូនអាចទាញយកអ៊ែបនេះ គឺអាចជួយដល់ ប្រជាកសិករបានយ៉ាងច្រើន។

លោក ពឹង ទ្រីដា បានជម្រុញ ប្រជាកសិករទាំងអស់ ឲ្យដោនឡូតយកកម្មវិធី ទូរស័ព្ទដៃ អង្គរសាឡាត់នេះ ចូលទៅក្នុងទូរស័ព្ទដៃស្មាតហ្វូនរបស់ខ្លួនគ្រប់ៗគ្នា ប្រសិនបើកសិករម្នាក់ៗ មានកម្មវិធីមួយនេះ គឺអាចសិក្សាអំពីបច្ចេកទេស លើការដាំដុះដំណាំកសិកម្ម ការប្រើប្រាស់ថ្នាំ ទឹក និងជី កសិកម្ម ប្រកបដោយប្រសិទ្ធភាព ចំណេញទាំងពេលវេលា ចំណាយថវិកាតិច និងទទួលបានផលច្រើន ជាពិសេស ងាយស្រួលទំនាក់ទំនងជាមួយអ្នកបច្ចេកទេស អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការផ្សារភ្ជាប់ រវាងអ្នកលក់ និងអ្នកទិញផលិតផលកសិកម្ម បានកាន់តែប្រសើរបំផុត ៕  ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner