លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកត្រៀមដកចេញវិញនូវវិធានការណ៍បន្ទាន់ក្នុងទីក្រុងបាងកកភ្លាមៗ ប្រសិនបើមិនមានអំពើហិង្សាកើតឡើងទេនោះ
ថៃ៖ ថ្លែងនៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិ នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ខ្ញុំនឹងចាត់វិធានការណ៍ ដើម្បីបន្ធូបន្ថយស្ថានការណ៍នាពេលបច្ចុប្បន្ន… ឥឡូវនេះ ខ្ញុំកំពុងត្រៀមដកចេញវិញនូវវិធានការណ៍បន្ទាន់ក្នុងទីក្រុងបាងកក ហើយខ្ញុំនឹងចេញបទបញ្ជាភ្លាមៗតែម្តង ប្រសិន បើមិនមានអំពើហឹង្សាកើតឡើងទេនោះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
ការកត់សម្គាល់បែបនេះរបស់លោក ប្រាយុទ្ធ បានកើតមានឡើងក្រោយរដ្ឋាភិបាលរបស់លោកបានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបន្តអូសបន្លាយអស់រយៈពេល០៣ខែមកហើយ ។ ប៉ុន្តែវិធានការណ៍នេះ មិនត្រឹមតែមិនបានបន្ធូបន្ថយស្ថានការណ៍ប៉ុណ្ណោះទេ តែថែមទាំងបានបញ្ឆេះកំហឹងក្រុមបាតុករឲ្យកាន់តែខ្លាំងឡើង ។
សូមរំលឹកឡើងវិញថា បាតុកម្មនៅក្នុងប្រទេសថៃ បានផ្ទុះឡើងចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងទៅ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មី ព្រះបាទ មហា វិជ្ជរ៉ាឡុងកន ៕