ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ចំនួន៧ពាន់៦៨៣នាក់ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ បានជួយដឹកជញ្ជូន
ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ចំនួន ៧ពាន់៦៨៣នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ បានជួយដឹកជញ្ជូន ដើម្បីចូលទៅយកសម្ភារៈរបស់ខ្លួនក្នុងរោងចក្រនឹងដឹកជញ្ជូនប្រជាពលរដ្ឋមួយចំនួននៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។ សូមជម្រាបថា ខណ្ឌដង្កោ បានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល៨ថ្ងៃមកហើយ។ តាមរបាយករណ៍ របស់លោក ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រង់កងសង្រ្គោះមានប្រសាសន៍ថាចាប់ពីថ្ងៃទី១៤រហូតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅផ្សារព្រែកជ្រៃបានសង្រ្គោះ និងដឹកជញ្ជូន សរុបរួមបានសង្រ្គោះ និងដឹកជញ្ជូន ចំនួន ១ពាន់៤៤៩ដង ស្មើនឹងប្រជាពលរដ្ឋចំនួន ៧ពាន់៦៨៣នាក់។ ការដឹកជញ្ជូននេះដែរ បានធ្វើឡើងតាមរយៈរបាយការណ៍ដែលទទួលបានពីលោកមេបញ្ជាការងកងពល បានបញ្ជាក់ថា ក្នុងចំណោមមធ្យោបាយសម្រាប់ដឹកជញ្ជូន និងសង្រ្គោះប្រជាពលរដ្ឋនេះ គឺប្រើប្រាស់អូប័រ ចំនួន ១០គ្រឿង និងកម្លាំងប្រមាណ១០០នាក់ ត្រូវបានប្រើប្រាស់សំរាប់ប្រតិបត្តិការជួយសង្រ្គោះនេះ។ លើសពីនេះទៅទៀត សម្រាប់កងកម្លាំងរបស់កងពលតូចលេខ៧០ មិនត្រឹមតែទឹកជំនន់ទេ គឺកន្លងមកកម្លាំងបានចុះបេសកកម្មការពារថ្នាក់នាំ បានទៅជួយសង្រ្គោះពន្លត់អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ និងបានចូលរួមការងារមនុស្សធម៍ជាច្រើនទៀតផងដែរ។ ជាពិសេសលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ តែងតែយកចិត្តទុកដាក់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ហើយក៏បានដាក់បទបញ្ជាភ្លាមៗ នៅពេលប្រជាពលរដ្ឋមានបញ្ហា ដើម្បីដោះស្រាយការលំបាកទាំងនោះ ជូនដល់ពួកគាត់គ្រប់ពេលវេលា។