ពលរដ្ឋ២៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលអំណោយរបស់សម្តេចតេជោ

កំពង់ធំ៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នាំយកទៅចែកជូនប្រជាពលរដ្ឋ ២៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ស្រុកប្រាសាទបល្ល័ង្ក។

ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពរដ្ឋពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ខណៈពេលដែលទទួលរងគ្រោះដោយសារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារគ្រប់ស្ថាប័នពាក់ព័ន្ធ និង សាខាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅតាមមូលដ្ឋាន។

ឯកឧត្តម បានកោតសរសើរនូវកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ រួមទាំងប្រជាពលរដ្ឋ ជាពិសេសកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយជួយជញ្ជូនសម្ភារៈ និងស្បៀងអាហារ។

ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាពអនាម័យ គេងក្នុងមុង ហូបស្អាតផឹកស្អាត រស់នៅមានការប្រយ័ត្នប្រយែងជៀសវាងកើតជំងឺរាករួសដែលអាចឆ្លងមកតាមទឹកជំនន់ និងការពារពីសុវត្ថិភាពពីពួកសត្វសេរពិស ជាពិសេសការពារអាយុជីវិតក្មេងៗ និងមនុស្សចាស់ ជៀសវាងមានគ្រោះថ្នាក់ដោយសារទឹកជំនន់។

ភូមិត្រពាំងព្រីង ស្ថិតនៅដាច់ស្រយាលការធ្វើដំណើរប្រកបដោយសែនលំបាកដោយសារទឹកជំនន់កាត់ផ្លូវថ្នាល់ ស្ពាន ចាំបាច់ត្រូវលីសែងអំណោយឆ្លងកាត់ទឹកហូរខ្មួលខ្មាញ់ជាច្រើនកន្លែង និងឆ្លងកាណូត ដើម្បីនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ ។

ក៏ប៉ុន្តែបើទោះបីទឹកហូរកាត់ផ្តាច់ស្ពានថ្នល់ក៏មិនអាចរារាំងសកម្មភាពមនុស្សធម៌នេះបានឡើយដោយសារការដឹកនាំ ឯកឧត្តម សុខ លូ បានប្រើប្រាស់គោយន្ត កាណូត និងកម្លាំងថ្មើរជើងរួមចិត្តរួមកម្លាំងពីប្រជាពលរដ្ឋ និងកងកម្លាំងជញ្ជូនអំណោយមនុស្សធម៌ទៅប្រគល់ដល់ពលរដ្ឋ ដោយជោគជ័យ។អំណោយដែលបានប្រគល់ជូនគ្រួសារពលរដ្ឋទាំងអស់ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ី ត្រីខ៕​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner