រាជរដ្ឋាភិបាលថៃប្រកាសឈប់ប្រើច្បាប់ប្រកាសអាសន្ន តាមពួកបាតុករហើយ
ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី២២ តុលា ២០២០នេះ បានសម្រេចដកចេញការប្រើច្បាប់ប្រកាសអាសន្ន នៅក្នុងរាជធានីបាងកកហើយ ក្នុងគោលដៅបញ្ចប់ការធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល រយៈពេលរាប់ខែមកហើយ ដែលមានមនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ ដែលមិនត្រឹមប្រឆាំងរាជរដ្ឋាភិបាលទេ ថែមទាំងទាមទារឲ្យមានកំណែទម្រង់របបរាជានិយមទៀតផង។
សូមបញ្ជាក់ថា ច្បាប់អាសន្នបានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាលើសពី៥នាក់ ដែលរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើកាលពី១៥ តុលា។ ច្បាប់គ្រាមានអាសន្នក៏ហាមប្រាមផ្សព្វផ្សាយព័ត៌មានបង្កឲ្យមានការភ័យខ្លាច ក្តីបារម្ភដល់ពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខជាតិសណ្តាប់ធ្នាប់ក្នុងសង្គមទៀតផង។
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចេញផ្សាយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២២ តុលា បានឲ្យដឹងថា ខ្លួននឹងបញ្ចប់ការប្រើប្រាស់ច្បាប់នេះ ក្នុងនោះ រួមមានទាំងការឈប់ហាមប្រាមការជួបជុំនយោបាយ និង ការផ្សព្វផ្សាយព័ត៌មានដែរ។
ការសេម្រេចនេះធ្វើឡើងក្រោយពេលពួកបាតុករបានទុកពេល៣ថ្ងៃ ឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ដកចេញច្បាប់នេះចេញ ហើយពួកបាតុករអះអាងថា ការដកចេញវិធានការនេះក៏មិនទាន់គ្រាប់គ្រាន់ដែរ។ គួររម្លឹកថា ពេលអនុវត្តច្បាប់នេះ ក្រុមបាតុករត្រូវបានបង្ក្រាបហិង្សា និងចាប់ខ្លួនមនុស្សជាច្រើននាក់ទៀតផង៕ ប្រភពពី Channelnewsasia