ណាហ្គាវើលដ៍ យកឈ្នះភ្នំពេញក្រោន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០
ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០ បន្ទាប់ពីយកឈ្នះលើ ភ្នំពេញក្រោន ដោយទាត់បាល់១១ម៉ែត្រកាត់សេចក្តី ៣ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិជាតិអូឡាំពិក។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន បានរក្សា លទ្ធផលស្មើគ្នា ០ទល់០ នៅក្នុងការប្រកួតពេញម៉ោង ៩០នាទី ហើយក្រុមទាំងពីរត្រូវបានកាត់សេចក្តីដោយបាល់១១ម៉ែត្រ ដោយណាហ្គាវើលដ៍បានយកឈ្នះលើភ្នំពេញក្រោន ៣ទល់១។ ក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី កីឡាករ គួច សុកុម្ភៈ, សុះ ស៊ូហាណា និងឡេង មករា រកគ្រាប់បាល់បញ្ចូលទីឲ្យណាហ្គាវើលដ៍បានសម្រេច ខណៈកីឡាករ ជួន ចាន់ចាវ តែម្នាក់គត់ ដែលទាត់បញ្ចូលទីបានសម្រេចជូនក្រុមភ្នំពេញក្រោន។ នេះជាលើកទីពីរជាប់ៗគ្នា ដែលក្រុមភ្នំពេញក្រោនធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់១១ម៉ែត្រ កាលពីរដូវកាល ២០១៩ ចាញ់ព្រះខ័នរាជស្វាយរៀង ។ ចំណែកណាហ្គាវើលដ៍ឡើងវគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ក្រោយខកខានតាំងពីឆ្នាំ២០១៧ ដែលចាញ់ព្រះខ័នរាជស្វាយរៀង។
សម្រាប់ជ័យជម្នះនេះ ណាហ្គាវើលដ៍ នឹងត្រូវឡើងទៅរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ មើលលទ្ធផលរវាងក្រុមខេត្តព្រៃវែង និងវិសាខា ដែលត្រូវប៉ះគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែតុលា នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
សូមបញ្ជាក់ថា សម្រាប់២ក្រុម ដែលត្រូវប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ គឺវិសខា ដែលជាក្រុមចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាល ២០១៩ ស្របពេលដែលក្រុមជម្រើសខេត្តព្រៃវែង គឺជាក្រុមខ្លាំងលេខធ្លោ និងជាម្ចាស់ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២០ ហើយបានឡើងប្រកួតថ្នាក់ជាតិដោយបានទម្លាក់ក្រុមខ្លាំងៗ ដែលស្ថិតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺក្រុមអង្គរថាយហ្គឺរ និងក្រុមកងយោធពលខេរមភូមិន្ទ (ក្រុមទ័ព) នៅវគ្គជម្រុះជាបន្តបន្ទាប់កាលពីពេលកន្លងទៅ នៅវគ្គ១៦ក្រុម និងវគ្គ៨ក្រុមចុងក្រោយ ក្នុងរដូវកាល ២០២០នេះ៕