មន្រ្តីរដ្ឋបាលជលផល៖យើងត្រូវរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គនិង ដោះស្រាយបញ្ហា ប្រឈម

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖សត្វផ្សោតឬសត្វផ្សោតទន្លេមេគង្គគឺជាសត្វផ្សោតទឹកសាបមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបសរុបចំនួនតែ៧ប្រភេទគត់ក្នុងពិភពលោកយើងនេះ។

ដោយមើលឃើញពីចំនួនកាន់តែថមថយចុះបន្តបន្ទាប់នៃសត្វប្រភេទនេះហើយទើប មន្រ្តីនៃរដ្ឋបាលជលផលបានអំពាវនាវឱ្យគ្រប់ភាគីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាឱ្យបានគង់វង្សសំដៅធ្វើយ៉ាងណាឱ្យសត្វប្រភេទនេះរស់នៅកម្ពុជាឱ្យបានជាប់គង់វង្សយូរអង្វែង ខណៈដែលសត្វប្រភេទនេះកំពុងទទួលរងការប្រឈមជាបន្តបន្ទាប់ដែលអាចឈានទៅរកការផុតពូជណាមួយនៅថ្ងៃខាងមុខ។

          ការអំពាវនាវបែបនេះធ្វើឡើងដោយលោក ស្រ៊ុនលឹមសុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិESCAP និងអគ្គនាយករងនៃរដ្ឋបាលជលផល នាកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ។

          ថ្លែងក្នុងកិច្ចប្រជុំនេះលោក ស្រ៊ុនលឹមសុងបានបញ្ជាក់ថាចំនួនប៉ាន់ប្រមាណសរុបក្នុងឆ្នាំ២០១៧សត្វផ្សោតមានប្រមាណ៩២ក្បាល។ចំណែកចំនួនប៉ាន់ប្រមាណថ្មីដែលទទួលបានក្នុងឆ្នាំ២០២០គឺមានប្រមាណ៨៩ក្បាល។ចំពោះការចេះតែថយចុះនៃចំនួនសត្វផ្សោតនេះដែរដោយសារថាវាប្រឈមការគំរាមកំហែងជាច្រើនដូចជា ការទាក់ជាប់ទៅនឹងមងនេសាទនៅក្នុងតំបន់គ្រប់គ្រងសត្វនិងការពារសត្វ សកម្មភាពនេសាទខុសច្បាប់ដោយប្រើ ឧបករណ៍ នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត អាស្រ័យដោយកំណើនប្រជាជននិងទំបន់ វារីអគ្គិសនីនៅចរន្តទឹកខាងលើ។

          ដោយឡែកលោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា តាមការសិក្សាទៅលើចំនួនសត្វផ្សោតទន្លេមេគង្គ នៅឆ្នាំ២

០២០នេះ បានបង្ហាញថា ចំនួនសត្វផ្សោតមេគង្គនៅកម្ពុជាហាក់ពុំមានការធ្លាក់ចុះ នោះឡើយ បើធៀបនឹងចំនួនដែលបានកត់ត្រានៅក្នុងឆ្នាំ២០១៧ មានប្រហែល ៩២ក្បាល។

លោកថា”អត្រានៃចំនួនសត្វផ្សោត អាចរស់រានមានជីវិត អត្រានៃកំណើន សត្វផ្សោត និងអត្រានៃចំនួនសត្វផ្សោតថ្មី ដែលបានកត់ត្រាបញ្ចូលទៅក្នុងចំនួនសរុប ត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើចំនួនសត្វផ្សោតដែលអ្នកជំនាញស្គាល់ភិនភាគដូចជាស្នាមឆែកនៃព្រុយខ្នងជាដើម”។

          លោកសេងទៀកបានឱ្យដឹងដែរថាបើទោះបីចំនួនសត្វផ្សោតឆ្នាំ២០១៧ដល់ឆ្នាំ២០២០មានការថយចុះតិចតួចក្តី ប៉ុន្តែយ៉ាងណាលោកមានប្រសាសន៍ដែរថាចំនួនសត្វផ្សោតបច្ចុប្បន្ននេះមានកាន់តែតិចតួចដែលនាំឱ្យក្តីព្រួយបារម្ភ ហើយយើងចំបាច់ត្រូវតែនាំគ្នាអភិរក្សឱ្យខានតែបាន។

លោកបានធ្វើការប្រៀបធៀបថាកាលពីមុននេះបើយោងតាមលទ្ធផលជំរឿន សត្វផ្សោតប្រចាំឆ្នាំ២០១៧ យើងមានផ្សោត៩២ក្បាល ចំនួននេះ គឺជាការកើនឡើងប្រមាណ១៥ភាគរយ បើធៀបទៅនឹងលទ្ធផលជំរឿន នៅក្នុងឆ្នាំ២០១៥ ដែលចំនួនរបស់វាមានប្រមាណ ៨០ក្បាលប៉ុណ្ណោះ។ចំពោះលទ្ធផលធ្វើជំនឿនសត្វផ្សោតឆ្នាំ២០២០នេះ ចំនួនសត្វផ្សោតសរុបរបស់យើង មានប្រហាក់ប្រហែលគ្នា ទៅនឹងចំនួនផ្សោតដែលមាននៅក្នុងឆ្នាំ២០១៧ បើតាមគំរូទិន្នន័យអ្នកជំនាញ ប្រើប្រាស់សម្រាប់គណនាចំនួនផ្សោតនេះ តួលេខប្រហាក់ប្រហែលគ្នានេះ បញ្ជាក់ថារបាយសត្វផ្សោតក្នុងឆ្នាំ២០២០ គឺមានចំនួនថេរ។

នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF បានឱ្យដឹងបន្ថែមថាចំពោះការរស់នៅរបស់សត្វផ្សោតត្រូវបានអ្នកជំនាញសិក្សា និងប្រើប្រាស់ដើម្បីវាស់កម្រិតសុខភាពទន្លេ មានន័យថាវត្តមានរបស់សត្វផ្សោតនៅកន្លែងណា គឺអាចបញ្ជាក់ថាប្រព័ន្ធ អេកូឡូស៊ី និងសុខភាពរបស់ទន្លេនៅទីតាំងនោះមានភាពល្អប្រសើរ ដែលសប្បូរដោយត្រីគ្រប់ប្រភេទរស់នៅព្រមទាំងជាទីជម្រកដ៏ប្រពៃសម្រាប់សត្វរស់នៅក្នុងទន្លេជាច្រើនប្រភេទទៀត។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់នៃមរតកធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាសត្វមួយដែលប្រជាជនកម្ពុជាគោរពបូជា និងជាប្រភពផ្តល់ប្រាក់ចំណូលមួយ ដ៏សំខាន់សម្រាប់សហគមន៍ដែលចូលរួមក្នុងវិស័យទេសចរណ៍ធម្មជាតិ។

គួរបញ្ជាក់ថាបើតាមក្រុមអ្នកស្រាវជ្រាវបានកត់ត្រាសត្វផ្សោតក្នុងវ័យជំទង់ចំនួន១៣ក្បាលក្នុងឆ្នាំ២០១៥, ១៨ក្បាលក្នុងឆ្នាំ២០១៧ និង១៦ក្នុងឆ្នាំ២០២០។ ចំណែក កូនផ្សោតចំនួន១២ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៥, ១១ ក្បាលក្នុងឆ្នាំ២០១៦, ៩ក្បាល ក្នុងឆ្នាំ២០១៧, ៩ក្បាលក្នុងឆ្នាំ២០១៨, ១៣ក្បាល ក្នុងឆ្នាំ២០១៩ និង៦ក្បាល ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០។

ដោយឡែកបើយោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា អត្រាកំណើនជាមធ្យម ប្រចាំឆ្នាំគឺ១,០២ភាគរយ និងអត្រាស្លាប់ប្រចាំឆ្នាំគិតជាមធ្យម គឺ២,១៤ភាគរយ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២០។បើប្រៀបធៀបទៅនឹងរយៈពេលពីឆ្នាំ២០០៧ ដល់២០១៣ អត្រាស្លាប់ប្រចាំឆ្នាំ គិតជាមធ្យមមានដល់ទៅ៨ភាគរយ និង២,៤ភាគរយក្នុងរយៈពេលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។ ចំនួនផ្សោតថ្មីដែលបានកត់ត្រា និងបញ្ចូលក្នុងចំនួនសរុប មាន ដល់ទៅ៤.២២ភាគរយ ដែលក្នុងឆ្នាំ២០១៧ ពុំមានផ្សោតថ្មីណាមួយត្រូវបាន កត់ត្រាបញ្ចូលក្នុងចំនួនសរុបឡើយ។

សូមបញ្ជាក់ថា តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ លាតសន្ធឹងតាមដងទន្លេ មេគង្គភាគខាងជើងក្នុងកំណាត់លើប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា និងប្រទេសឡាវ ត្រង់ចំណុចល្បាក់ខោន ទឹកធ្លាក់និមិត្ត អន្លង់ឈើទាល អន្លង់មរកត ក្នុងខេត្តស្ទឹងត្រែងមកទល់នឹងក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner