ក្រសួងអប់រំ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ-កីឡា និងសេវាអាហារដ្ឋាន
ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ជូនដល់ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ក្នុងការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាឯកជន។
ក្នុងលិខិតបានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជាគោលការណ៍ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាត ឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្រសួងអប់រំ បានបញ្ជាក់បន្ថែមទៀតថា ករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណា មិនបានអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន។
មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា ដោយឡែកសម្រាប់សាលារដ្ឋវិញ ក្រសួងអប់រំ នឹងជូនដំណឹងនៅពេលក្រោយ។
ក្នុងដំណាក់កាល នៃការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំបន្ថែមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងបរិបទជំងឺកូវីដ១៩ផងដែរ៕