អភិបាលខេត្តកណ្តាលស្នើរឱ្យរដ្ឋបាលស្រុកល្វាឯមត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈរាជការ
កណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យរដ្ឋបាលស្រុកល្វាឯម ត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តម អភិបាលខេត្ត ស្នើឡើងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារច្រកចេញតែមួយរបស់រដ្ឋបាលស្រុក និងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។
ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់បន្តថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្រុក ត្រូវបន្តខិតខំប្រមូលផ្ដុំព័ត៌មានស្ដីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ខិតខំដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការគ្រប់វិស័យក្នុងសង្គម។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕