ធនាគារឯកទេសវីងចាប់ដៃគូសហការគ្នាជាមួយធនាគារកាណាឌីយ៉ា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យើងមានឯកសិទ្ធិដែលថ្ងៃនេះ វីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេ និងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ ។

ការថ្លែងបែបនេះត្រូវបានលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង ខេមបូឌា លីមីតធីត ធ្វើឡើងក្នុងឱកាសដែលធនាគារឯកទេសវីង និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ។

ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង ។

ជាមួយគ្នានេះ លោក ម៉ានូ រ៉ាចាន់ បានបន្តថា វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច លោកថា ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុ សម្រាប់ប្រជាជនគ្រប់រូប ។ 

លោក រ៉េម៉ុន សៀ សាយ ហ្គ័ន នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា កិច្ចសហការនៅថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា លោកថា យើងនឹងនាំយកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែជិតជាងមុនទៅដល់អតិថិជនរបស់យើងបច្ចុប្បន្ន មិនថានៅតំបន់ដាច់ស្រយាលក៏ដោយ ។

លោកបានបញ្ជាក់ថា ធនាគារកាណាឌីយ៉ាបានឈរជើងនៅលើទីផ្សាយដោយជោគជ័យជិត៣០ឆ្នាំ ក្នុងការផ្ដល់ជូននូវសេវាកម្មដ៏សម្បូរបែបទៅដល់អតិថិជន ទាំងបុគ្គល និងសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានពង្រីកទីផ្សាររបស់ខ្លួនទៅដល់ប្រទេសឡាវដែលជាប្រទេសជិតខាង ។  លោកនាយកប្រតិបត្តិបន្ថែមទៀតថា ទាំងវីង និងធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា ដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner