ទីក្រុងសៀមរាបកម្ពុជាក្លាយជាក្រុងវប្បធម៌អាស៊ានរយៈពេល២ឆ្នាំ
ទីក្រុងសៀមរាបរបស់កម្ពុជាកម្ពុជា ត្រូវបានគេប្រកាសដាក់ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២១និង ២០២២។ គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ចាប់តាំងពីឆ្នាំ២០០៨នោះមក បានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ នឹងជ្រើសរើសទីក្រុងមួយរបស់ខ្លួន ដើម្បី ស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការប្រកាសក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានរយៈពេល២ឆ្នាំនេះ បាន ធ្វើឡើងនៅក្នុងកិច្ច ប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ នាថ្ងៃទី២១តុលាឆ្នាំ២០២០។ មន្ត្រីកម្ពុជាបានថ្លែងថា ការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្ប ធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១និង២០២២ គឺដោយសារទីក្រុង សៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរណ៍ទៅដោយមរតកវប្បធម៌ទាំងរូបី និង អរូបី និងជាគោល ដៅទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោករបស់ព្រះរាជាណាចក្រ កម្ពុជា។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០១១, ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នំា ២០១២ដល់ឆ្នាំ២០១៣, ទីក្រុង Hue នៃប្រទេស វៀតណាម ចាប់ពីឆ្នាំ ២០១៤ដល់ឆ្នាំ២០១៥, ទីក្រុង បាន់ដាសេរី បេហ្គាវ៉ាន់ Bandar Seri Begawan នៃប្រទេសប៊្រុយណេ ចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៧, ទីក្រុងយ៉ូហ្គីយ៉ា កាតាYogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨ដល់ឆ្នាំ២០២០៕