ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)

ជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF) ជាជំងឺបង្កដោយវីរុស Asfivirus ដែលស្ថិតនៅក្នុងអំបូរ/គ្រសារ Asfarviridae ហើយជាជំងឺឆ្លងជ្រូកធ្ងន់ធ្ងរ ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅលើសត្វជ្រូកគ្រប់ប្រភេទ តាមរយៈការចម្លងផ្ទាល់រវាង ជ្រូកស្រុក និងជ្រូកស្រុក, ជ្រូកស្រុក និងជ្រូកព្រៃ និងឆ្លងដោយប្រយោលតាមរយៈមនុស្សប៉ះពាល់ជ្រូកឈឺ ឬងាប់ សាច់ជ្រូក សម្ភារៈនិងមធ្យោបាយដឹកជញ្ជូនសត្វជ្រូក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

ពពួកវីរុសបង្កជំងឺប៉េស្តជ្រកអាហ្វ្រិកនេះ វាអាចរស់នៅបានយូរក្នុងសាច់ជ្រូក ផលិតផលសាច់ជ្រូក និងបរិស្ថានសមស្រប។ ប្រការនេះហើយ ដែលវាធ្វើឱ្យមានការចម្លងជំងឺនេះ ពីតំបន់មួយទៅតំបន់ថ្មីមួយទៀត។ ម្យ៉ាងទៀតជំងឺនេះ វាឆ្លងរាលដាលធ្ងន់ធ្ងរទៅលើសត្វជ្រូក តាមរយៈការឆ្លងផ្ទាល់ និងដោយប្រយោល ហើយវីរុសនេះអាចរស់នៅជុំវិញបរិស្ថាន។ ភាពធន់របស់វីរុសប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងផលិតសាច់ជ្រូកមានដូចជា សាច់ជ្រូកចំណិនមិនបានឆ្អិនល្អ សាច់ឆ្អើរគ្មានឆ្អឹង គ្រឿងក្នុង សាច់ឬសាច់កិន សាច់ក្លាសេ សាច់ប្រឡាក់ សាច់ស្ងួត ស្បែកឬខ្លាញ់ សាច់បង្កក។

វីរុសនៃជំងឺនេះ វាអាចរស់នៅក្នុងពពួកសត្វដង្កែទន់បានយូរ ដែលបង្កជាភាពសាំញាំនៃការចម្លងមេរោគ និងធ្វើឱ្យមានការលំបាកដល់ការលុបបំបាត់ជំងឺបានទាំងស្រុង ពេលខ្លះយើងអាចចំណាយពេលពី២០ ទៅ ៣០ឆ្នាំ (នៅបណ្តាប្រទេសជឿនលឿនមួយចំនួន)។ ប៉ុន្តែ វីរុសបង្កជំងឺប៉េស្តជ្រកអាហ្វិកវាបានបង្កជំងឺធ្ងន់ធ្ងរដែលអត្រាឈឺ និងងាប់រហូតដល់ ១០០% ហើយជំងឺនេះគ្មានថ្នាំព្យាបាល និងវ៉ាក់សាំងសម្រាប់ការពារទេ (ចាប់តាំងពីឆ្នាំ១៩០៧មកម្លេះ) នៅអាហ្វ្រិក ប្រទេសកេនញ៉ា។ ហើយក៏ពុំមានភស្តុតាងណាមួយ ដែលបង្ហាញថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានបង្កឱ្យមានបញ្ហាដល់សុខភាពមនុស្សទេ ប៉ុន្តែវាបានធ្វើឱ្យសត្វជ្រូកងាប់ បង្កការខាតបង់ដល់អ្នកចិញ្ចឹមជ្រូក និងសេដ្ឋកិច្ចជាតិ។ ហើយអ្វីដែលជាមហន្តរាយធ្ងន់ធ្ងរនោះ គឺជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានកើតដំបូងនៅប្រទេសកម្ពុជា ក្នុងខេត្តរតនៈគីរី ស្រកអូយ៉ាដាវ នៅយំសោមធំ ភូមិសោមកានិញ ដែលស្ថិតក្នុងតំបន់បងប្អូនជនជាតិយើង ដែលធ្វើអោយសត្វជ្រូកប្រមាណ២ពាន់៤០០ក្បាល ត្រូវបានឈឺ ងាប់ និងសម្លាប់ចោល(ក្នុងឆ្នាំ២០១៩)។ នៅតាមតំបន់ព្រំដែនអាស៊ី អឺរ៉ុប ជ្រូកព្រៃមានចែធំ ជ្រូកព្រៃយក្ស និងជ្រូកព្រៃ ជាទូទៅជំងឺនេះមិនបង្ហាញរោគសញ្ញាច្បាស់លាស់ទេ ហើយគេគិតថាជ្រូកដែលផ្ទុកវីរុសប៉េស្តនេះ បានកើតជាដំបូងគឺនៅអាហ្វ្រិក។

ជំងឺប៉េស្តជ្រូកអាហ្វ្រិក អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងជ្រូកអ្នកស្រុកនិងជ្រូកព្រៃ និងអាចឆ្លងដោយប្រយោល តាមរយៈមនុស្សដែលបានប៉ះពាល់ជ្រូកឈឺ ឬសាច់ជ្រូកដែលផ្ទុកមេរោគ និងតាមសម្ភារៈនិងបរិក្ខារ មធ្យោបាយធ្វើដំណើរ ចំណីសត្វ កាកសំណល់អាហារដែលមានសាច់ជ្រូក មានមេរោគមិនបានចម្អិនល្អ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ដែលមានមេរោគជាពិសេសនៅកន្លែងចិញ្ចឹមជ្រូកដែលមានជំងឺ តាមរយៈខ្យល់ តាមផ្លូវដកដង្ហើម តាមរយៈដង្កែទន់(ដែលអាចផ្ទុកវីរុសបង្កជំងឺបេស្តជ្រកអាហ្វ្រិកបានពី២ទៅ៣ឆ្នាំ) តាមរយៈសត្វល្អិតបឺតឈាម និងតាមរយៈភ្នាក់ងារចម្លងផ្សេងៗទៀត(កណ្តុរ…)។ ការស៊ីចំណីកាកសំណល់ផ្ទះបាយ ដែលមានផ្ទុកវីរុសបង្កជំងឺប៉េស្តជ្រកអាហ្វ្រិក។ រយៈពេលសំងំរបស់វីរុសបង្កជំងឺនេះ ចន្លោះពី៥ ទៅ២១ថ្ងៃ បន្ទាប់ពីបានប៉ះផ្ទាល់ជាមួយជ្រូកមានជំងឺ ប៉ុន្តែវាអាចតិចជាង៥ថ្ងៃ បន្ទាប់ពីសត្វដង្កែទន់ខាំ។ មុននឹងនាំសត្វទៅពិឃាត សមត្ថកិច្ចបសុពេទ្យប្រចាំការនៅកសិដ្ឋាន តែងតែពិនិត្យលើសុខភាពសត្វ និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយ ក្នុងការដឹកជញ្ជូនសត្វចេញពីកសិដ្ឋាន ធ្វើយ៉ាងនេះដើម្បីការពារប្រសិទ្ធភាព នៃការឆ្លងរាលដាលជំងឺសត្វទៅតំបន់ផ្សេងៗ។

ដោយអនុវត្តតាមស្មារតីច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ អនុក្រឹត្យលេខ១៦អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ស្តីពីការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ និងអនុក្រឹត្យលេខ១០៨ អនក.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអានាម័យសត្វ សាច់ និងផលិតផលសត្វ មន្ត្រីជំនាញប្រចាំការនៅសត្តឃាតដ្ឋាន បានធ្វើការត្រួតពិនិត្យលិខិតស្នាម ដែលសត្វត្រូវបាននាំមកដើម្បីពិឃាត។ លិខិតទាំងនោះរួមមាន វិញ្ញាបនប័ត្របញ្ជាក់សុខភាពសត្វ លិខិតដឹកជញ្ជូនសត្វ ដើម្បីប្រាកដថា សត្វត្រូវបាននាំមកពីកន្លែងគ្មានជំងឺឆ្លងសត្វ សត្វមានសុខភាពល្អ និងជាសត្វដែលមានច្បាប់ដឹកត្រឹមត្រូវ។ បន្ថែមលើការត្រួតពិនិត្យខាងលើ មន្ត្រីប្រចាំការនៅសត្តឃាតដ្ឋាន ក៏មានសមត្ថកិច្ចត្រួតពិនិត្យ មុនអនុញ្ញាតឱ្យធ្វើការពិឃាត ពិនិត្យអនាម័យសាច់ គ្រឿងក្នុងសត្វ និងគុណភាពសាច់ មុនបោះត្រាលើផ្ទាំងសាច់ និងចេញលិខិតបញ្ជាក់អនាម័យ។ ដើម្បីឱ្យប្រាកដថា សាច់សត្វ គ្រឿងក្នុងសត្វលក់នៅទីផ្សារមានសុវត្ថិភាព មន្ត្រីជំនាញបសុព្យាបាល ក៏មានភារកិច្ចចុះត្រួតពិនិត្យ តាមទីកន្លែងលក់សាច់ និងផលិតផលសត្វ ដើម្បីពិនិត្យក្រែងមានការបន្លំលក់សាច់សត្វ ដែលគ្មានអនាម័យ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ។ ធ្វើយ៉ាងនេះ ដើម្បីឱ្យប្រាកដថា សាច់សត្វ គ្រឿងក្នុងសត្វ ត្រូវបានត្រួតពិនិត្យអនាម័យទាំងពីកន្លែងចិញ្ចឹមសត្វ និងកសិដ្ឋានចិញ្ចឹមសត្វ រហូតដល់កន្លែងដាក់តាំងលក់ ធានាបាននូវសុវត្ថិភាពសាច់ និងផលិតផលសត្វ ជូនអ្នកបរិភោគ ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបរិភោគសាច់សត្វ ដែលគ្មានអនាម័យ មានរោគ ធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស៕ (ឯកសារយោង៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner