អាជ្ញាធរខណ្ឌចំការមន ដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន និងនៅជុំវិញស្ថានទូតចិន
ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដាក់បទបញ្ជាដល់កងកម្លាំងត្រៀមល្បាត និងការពារសន្តិសុខ សុវត្ថិភាព នៅជុំវិញស្ថានទូតចិន។ ការចេញបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជំរុញឲ្យរដ្ឋបាលខណ្ឌទំាង១៤ ត្រូវបង្កើនកម្លាំងឲ្យបានម៉ឹងម៉ាត់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ខណៈក្រុមជនមួយក្តាប់តូច ត្រូវគេដឹងថា មានចេតនាចង់ធ្វើការប្រមូលផ្តុំតវ៉ា នៅទល់មុខស្ថានទូតចិន នៅថ្ងៃទី២៣ តុលានេះ ដែលជាថ្ងៃទិវារំលឹកខួបនៃសន្តិភាពទីក្រុងប៉ារីស ដើម្បីការធ្វើសកម្មភាពតវ៉ា ក្រោមលេសថា នឹងធ្វើយ៉ាងណា ដេញកងទ័ពចិន ចេញពីទឹកដីកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល បានថ្លែងទៅកាន់មន្ត្រីខណ្ឌ និងកងកម្លាំងខណ្ឌទំាងអស់ ត្រូវត្រៀមចេញប្រតិបត្តិការថែរក្សាសន្តិភាព សុវត្ថិភាព ចាប់ពីល្ងាចថ្ងៃទី២២ តុលាតទៅ។
លោកបានបញ្ជាកងកម្លាំង ត្រូវធ្វើរដ្ឋបាល និងធ្វើការចេញល្បាតជាលក្ខណៈចំហរ នៅតាមតំបន់គោលដៅមួយចំនួន ដែលជាតំបន់សង្ស័យអាចមានការប្រមូលផ្តុំ ជាពិសេស ភូមិសាស្ត្រនានាដែលមានទីតំាងអង្គការសង្គមស៊ីវិលមាននិន្នាការនយោបាយ ប្រឆំាងរាជរដ្ឋាភិបាល។ លោកអភិបាលខណ្ឌ បានជម្រុញដល់កងកម្លាំង ត្រូវក្តាប់សភាពការណ៍ឲ្យបាន និងតាមដានយ៉ាងយកចិត្តទុកដាក់ កុំឲ្យមានការប្រមូលផ្តុំណាមួយកើតឡើង។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចំពោះក្រុមដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ខណៈការប្រមូលផ្តុំធ្វើបាតុកម្មនេះជាសកម្មភាពខុសច្បាប់។ សម្តេចតេជោ បានផ្តាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង គេកំពុងទឹកលិច កុំមករញ៉េរញ៉ៃ មុខសញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយ៕ ដោយ៖ ប៊ុនធី