ព្រះរាជអំណោយរបស់ព្រះមហាក្សត្រខ្មែរ បានចែកជូនដល់ប្រជារាស្រ្ត ដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀងចំនួន ៥៩៤ គ្រួសារ នៅស្រុកស្ទោង

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ទូទៅ​អមក្រសួងព្រះបរមរាជវាំង រួមជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយក​ព្រះរាជ​អំណោយ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល មកចែកជូនដល់ប្រជារាស្រ្តរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៩៤ គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ 

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ខេត្តកំពង់ធំនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេ បាន​បង្ក​អោយមានជំនន់ទឹកភ្លៀង មានការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នព្រះបរមរាជវាំង កាកបាទក្រហមកម្ពុជា និងស្ថាប័នដទៃទៀត ព្រមទាំងសប្បុរសជននានា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងខេត្តកំពង់ធំ។លើសពីនេះឯកឧត្តម សុខ លូ បានជម្រុញអោយមន្ទីរកសិកម្មខេត្ត ត្រៀមលក្ខណៈ ស្រង់ស្ថិតិបងប្អូនដែលទទួលរងផលប៉ះពាល់ខូចខាត ដើម្បីស្នើសុំពូជទៅរាជរដ្ឋាភិបាលកម្ពុជា យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផល និងបន្តការជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីទឹកស្រក ។

ឯកឧត្តម គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជម្រាបជូនពីព្រះរាជបណ្តាំ​ដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដោយសព្វថ្ងៃព្រះ​អង្គកំពុងគង់​សម្រាក​ពិនិត្យព្យាបាលព្រះរាជ សុខភាព នៅ រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះ​រាជហឫទ័យនឹករឭក និងសាកសួរសុខទុក្ខ ក្នុងព្រះរាជ ហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តកំពង់ធំ ហើយកំពុងជួបប្រទះ​នូវការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។  ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឱ្យរូបឯកឧត្តម នាំមកនូវ ព្រះរាជអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់ប្រជានុរាស្ត្រទាំង ៥៩៤គ្រួសារនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ។

ឯកឧត្តម គុយ សុផល បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលបានខិតខំវិះមូលដ្ឋាន​ជួយ​ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ បានទាន់ពេលវេលា ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក​យ៉ាងណាក៏ដោយ  ។ សូមបញ្ជាក់ថា៖ ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលចែកជូនប្រជានុរាស្ត្រ ចំនួន ៥៩៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់  និងថវិកាចំនួន ៤០ ម៉ឺនរៀលផងដែរ៕ដោយ ប៊ុន រដ្ឋា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner