ខ្លឹមសារសំខាន់ៗ នៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស
កិច្ចព្រមព្រៀង ២៣ តុលា ធ្វើឲ្យកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបប រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឲ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ ។
គួររំលឹកថា៖ ជម្លោះ ឬសង្គ្រាមនៅកម្ពុជា គឺជាការជះឥទ្ធិពលពីសង្គ្រាមនៅឥណ្ឌូចិន ដែលមានមេលទ្ធិកុម្មុយនិស្ត និងលទ្ធិសេរី ពោលគឺមហាអំណាចពិភពលោក និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ ជាប្រភព ។
រដ្ឋប្រហារ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ទម្លាក់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ កាលពីថ្ងៃពុធ ទី១៨ ខែ មីនា ឆ្នាំ១៩៧០ បានបញ្ឆេះភ្លើង សង្គ្រាមស៊ីវិល ឱ្យឆាបឆេះយ៉ាងរាលដាលពាសពេញប្រទេសកម្ពុជា។ ដោយមានសម្តេចឳ នរោត្តម សីហនុ ជាព្រះប្រមុខ របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម បានចូលកាន់កាប់ ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើង នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ១៩៧៨ ហើយរណសិរ្ស ២ ធ្នូ បានផ្តួលរំលំ របបខ្មែរក្រហម នៅថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្ត វៀតណាម ។
សង្គ្រាម បានបំផ្លិចបំផ្លាញ និងនាំមកនូវទុក្ខសោកវិនាស ព្រាត់ប្រាស់ ហិនហោចខ្លោចផ្សារ ដល់ប្រជាពលរដ្ឋ បាននាំឲ្យមានជំនួបរវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគី និងសម្តេច ហ៊ុន សែន តំណាងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុង ហ្វែរអង់តាដឺន័រ ប្រទេសបារាំង ។
ជំនួបលើកទី១ នោះ បានបើកផ្លូវឱ្យមានជំនួបជាបន្តបន្ទាប់ទៀត រវាងភាគីជម្លោះទាំង ៤ ជាពិសេសរវាងសម្តេច ហ៊ុន សែន ដែលកាលណោះកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋកម្ពុជាផង និង សម្តេចឳ នរោត្តម សីហនុ ។
ក្រោយពីជួបគ្នាលើកទី១ នៅទីក្រុង ហ្វែរអង់តាដឺន័រ នោះមក កិច្ចចរចារវាង សម្តេច ហ៊ុន សែន ដែលជាអ្នកដឹកនាំវ័យក្មេងជាងគេ ហើយត្រូវបានគេទទួលស្គាល់ថា ជាមនុស្សវាងវៃ និងសម្តេចឳ នរោត្តម សីហនុ ដែលជាអ្នកដឹកនាំដ៏មានបទពិសោធន៍ ត្រូវបានធ្វើឡើង ជាបន្តបន្ទាប់ រហូតឈានដល់កិច្ចចរចារកសន្តិភាពទីក្រុងប៉ារីស លើកដំបូង ចាប់ផ្តើមជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ១៩៨៩ ។
បន្ទាប់ពីការធ្វើសង្គ្រាមប្រឆាំងគ្នា ទៅវិញទៅមក ភាគីជម្លោះទាំង ៤ បានព្រមគ្នា វិលចូលតុចរចារកសន្តិភាពម្តងទៀតនៅឆ្នាំ១៩៩១ ដោយមានការជំរុញពីមហាអំណាចទាំង ៥ និង មានប្រទេសផ្សេងៗ ជាសាក្សី ។ ទីបំផុត ភាគីជម្លោះទាំង ៤ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ផ្សេងទៀត ធ្វើជាសាក្សី ក្នុងនោះប្រទេសបារាំង និង ឥណ្ឌូនេស៊ី ធ្វើជាសហប្រធាន នៃសន្និសីទនោះ។
ជាការពិតណាស់ ការសម្រេចបាននូវដំណោះស្រាយជម្លោះ នៅកម្ពុជា នាពេលនោះ ត្រូវបានគេពណ៌នាថា មានការលំបាកយ៉ាងខ្លាំង និង បានចំណាយពេលវេលាជាច្រើនឆ្នាំ ហើយការសម្រេចបានពេលនោះ គឺដោយសារកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ ។ អ្វីដែលជាកត្តាសំខាន់ជាងគេមួយទៀតនោះ គឺដោយសារកិច្ចខិតខំប្រឹងប្រែង ប្រកបដោយទេពកោសល្យនយោបាយ របស់សម្តេចព្រះនរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ។
សម្តេចតេជោ ហ៊ុន សែន បានដង្ហែសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុប្រទេសវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយកម្ពុជា បានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ បើទោះបីជាភាគីកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម មិនបានចូលរួមក៏ដោយ ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មី សម្រាប់កម្ពុជា បញ្ចប់ទាំង ស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំសន្តិភាពពេញលេញ និងគ្មានការបែងចែកទឹកដីកម្ពុជា ជាពីរ ចាប់តាំងពីចុងឆ្នាំ១៩៩៨ មក តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ។
លើសពីនេះទៅ គឺការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈ ការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងភាពពុំអាចរំលោភ បំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃ ប្រទេសកម្ពុជា៕