ចិនព្រមានសងសឹក ក្រោយសហរដ្ឋអាមេរិកយល់ព្រមលក់អាវុធទំនើបៗទៅអោយកោះតៃវ៉ាន់
ចិន៖ ចិនព្រមានសងសឹកប្រឆាំងនឹងការលក់អាវុធចុងក្រោយនេះរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ខណៈកោះនេះបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ប៉ុន្តែតៃវ៉ាន់បាននិយាយថា ខ្លួនមិនបានសម្លឹងមើលពីការប្រណាំងប្រជែងអាវុធជាមួយទីក្រុងប៉េកាំងនោះទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានបញ្ជាក់នៅក្នុងសន្និ សីទកាសែតមួយថា ការលក់នេះគឺជាការបញ្ជូនសញ្ញាខុសទៅនឹងកងកម្លាំងផ្តាច់ទឹកដី ដែលស្វែងរកការគាំទ្រដើម្បីឯករាជ្យតៃវ៉ាន់ និង ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ។ លោកបានសង្កត់ធ្ងន់ថា ចិននឹងធ្វើការឆ្លើយតបស្របច្បាប់ និងចាំបាច់ ដោយអាស្រ័យលើស្ថានភាពដែលវិវត្តន៍ ។
សូមជំរាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនបានយល់ព្រមលក់មីស៊ីលវាយប្រហារចេញពីដីទៅអាកាសចំនួន១៣៥ដើមទៅឱ្យកោះតៃវ៉ាន់ ក្នុងវិធានការមួយដែលក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា នឹងកសាងសមត្ថភាពប្រយុទ្ធរបស់ខ្លួន ៕