គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំ ពង់ស្ពឺ បើកកិច្ចប្រជុំពីផលប៉ះពាល់ និងខូចខាតបឋម ដោយសារជំនន់ទឹកភ្លៀង
សាលាខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីទិន្នន័យប៉ះពាល់ និងខូចខាតបឋមដោយជំនន់ទឹកភ្លៀង និងការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាពឯកឧត្តម វ៉ីសំណាង គណៈអភិបាលខេត្ត។
យោងតាមរបាយការណ៍របស់រដ្ឋបាលនៅខេត្តកំពង់ស្ពឺ ដែលបានប្រមូលពីមន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធបាន ឲ្យដឹងថា÷ ទិន្នន័យប៉ះពាល់ និងខូចខាតបឋមដោយទឹកជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ត្រឹមថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ស្រុក ក្រុង ដែលបានរងផលប៉ះពាល់មានចំនួន ៨ លើ ៨ ក្រុង ស្រុក។ ឃុំ សង្កាត់ដែលរងផលប៉ះពាល់មានចំនួន៥៨ លើ៨៧ ឃុំ សង្កាត់។ ភូមិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២០៥ លើ ១៣៧៩ ភូមិ។ គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២ ៤២០ គ្រួសារ។ ក្នុងនោះមានគ្រួសារដែលរងគ្រោះធ្ងន់មានចំនួន ២១២ គ្រួសារ (គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព)។ គ្រួសារដែលរងគ្រោះមធ្យមមានចំនួន ៥៦១ គ្រួសារ។ គ្រួសារដែលរងគ្រោះស្រាលមានចំនួន ១៦៥៧ គ្រួសារ។
ប៉ះពាល់ស្រូវចំនួន ២៦១៩៥ ហ.ត -ខូចខាតស្រូវ ២១២ ហ.ត -ដំណាំរួមផ្សំ ១៣១១២ ហ.ត -ដំណាំចំការ ១៥ ហ.ត -ផ្លូវក្រាលគ្រួសក្រហម ១៦២២៩ម៉ែត្រ-ទំនប់ទឹក ១៥ កន្លែង -ប្រឡាយមេ ២៣០៣ ម -ប្រឡាយរង ១១១៦ ម -សំណង់សិល្បៈការ ៦ កន្លែង។
ឯកឧត្តម វ៉ី សំណាង បានផ្ដាំផ្ញើឲ្យមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ត្រូវធ្វើការជួសជុលផ្លូវឲ្យបានល្អប្រសើរឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ហើយខ្នងទំនប់តាហោខាងជើង ដែលមានប្រវែងជាង ១៧ គីឡូម៉ែត្រ ត្រូវធ្វើការឈូសឆាយ ដើម្បីឲ្យពលរដ្ឋ ធ្វើដំណើរពីទីរួមខេត្តទៅដល់ផ្លូវ ៥១ ដើម្បីចូលរួមកាត់បន្ថយបាន ការកស្ទះនៅលើផ្លូវជាតិលេខ ៤។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមបម្រុងគ្រាប់ពូជសម្រាប់ប្រជាកសិករ។ ហើយមន្ទីរធនធានទឹក និងឧតុនិយមត្រូវរក្សាទឹកក្នុងអាងក្នុងទំនប់ ដើម្បីរក្សាទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងផងដែរ៕ម៉ុន សំអ៊ាត