រដ្ឋមន្ដ្រី ក្រសួងអប់រំ ជឿថា សៀវភៅគ្រូមុខវិជ្ជាអប់រំកាយថ្មី និងផ្ដល់សារៈប្រយោជន៍យ៉ាងសំខាន់ ដល់សិស្សានុសិស្ស សម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត

អត្ថបទដោយ៖
សារ៉ាន ទីងី

(ភ្នំពេញ)៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា សៀវភៅគ្រូមុខវិជ្ជាអប់រំកាយ គឺជាសមិទ្ធផលថ្មីមួយ នៃកម្មវិធីអប់រំកាយបែបថ្មី ដើម្បីផ្ដល់នូវមាន​សារៈ​ប្រយោជន៍​យ៉ាងសំខាន់ដល់សិស្សានុសិស្ស និងទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា កាយ​សម្បទា និងចរិយាសម្បទា ក៏ដូចជារួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យអប់រំកាយ ក្នុងការផលិត ធន​ធាន​មនុស្ស កសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ការលើកឡើងយ៉ាងដូច្នេះ របស់​ឯកឧត្តម រដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បិទបញ្ចប់គម្រោងសហប្រតិបត្តិ​ការ​រៀប​ចំសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះភាគីពាក់ព័ន្ធ ដែលបានខិតខំបំពេញបេសកកម្ម ដែលមានចរិតជាប្រវត្តិសាស្ដ្រនេះឡើង សម្រាប់ការងារអប់​រំកាយក្នុងគ្រឹះ​ស្ថានសិក្សា​ក្នុងប្រទេស​កម្ពុជា​។ លើសពីនេះ ឯកឧត្តមរំពឹងថា ភាគីជប៉ុន ក៏នឹងបន្ដជួយក្រសួងអប់រំ ទាំងផ្នែកអប់រំ យុវជន និង​កីឡា ពិសេសដំណើរឆ្ពោះទៅរកជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងការ​រៀប​ចំទូ​ទៅ និងការទទួលបានមេដាយច្រើនពីការប្រកួតផងដែរ។

សូមបញ្ជាក់ សៀវភៅគ្រូមុខវិជ្ជាអប់រំកាយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈ​យោគយល់គ្នា(MOU) ជាមួយទីភ្នាក់ការងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) និងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន បេះដូងមាស ដើម្បីដាក់ឲ្យដំណើរការក្នុងថ្នាក់មធ្យម​សិក្សាបឋម​ភូមិ បានបញ្ចប់ការចងក្រងដោយជោគជ័យហើយ ក្រោយចំណាយពេលរៀបចំ និងចងក្រង​អស់​រយៈ​ពេល ៣ឆ្នាំ និង ៩ខែ។បន្ទាប់ពីគម្រោង ដែលទទួលបានការគាំទ្រពីអង្គការ JICA និងអង្គការបេះ​ដូង​មាស បានអនុវត្តចាប់ពីដើមឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។

គួរបញ្ជាក់ថា ការចងក្រងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយខាងលើ បានយករាជធានី-ខេត្តចំនួន៣ ជា​គោលដៅ រួមមានរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង ដើម្បីប្រមូល​ធាតុ​ចូល​តាមរយៈ​ការ​រៀបចំសិក្ខាសាលាចំនួន ២៧លើក ព្រមទាំងការបង្រៀនទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ កន្លង​មក​អង្គរ​បេះដូងមាស បានបោះពុម្ភសៀវភៅគ្រូអប់រំកាយសម្រាប់មធ្យមសិក្សាបឋមភូមិចំនួន ៦០០​ក្បាល​រួច​មកហើយ តែឆាប់ៗខាងមុខ ក្រសួងអប់រំ នឹងបោះពុម្ភបន្ថែម ១៦,០០០ក្បាលទៀត ដើម្បី​ចែក​ជូន​ដល់​សាលាមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner