ការប្រកួតកីឡាការ៉ាតេដូកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិបានបើកការប្រកួតជាផ្លូវការ
(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា នាព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានរៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាការ៉ាតេដូកម្ពុជា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ។ ពិធីបើកការប្រកួតនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេដូ កម្ពុជា។
ថ្លែងក្នុងពិធីបើកការប្រកួត ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាការ៉ាតេដូកម្ពុជា មានការកើនឡើង១០ភាគរយ ពោលឆ្នាំនេះមានកីឡាករកីឡាការិនីចូលរួមចំនួន២៣ សមាគមក្លិបទូទាំងប្រទេស សរុប ប្រតិភូ និង កីឡាករកីឡាការិនី ២៣៦នាក់ ។ មានការកើនឡើងកីឡាករ កីឡាការិនីចំនួន ១០% នេះ គឺជាការខិតខំប្រឹងប្រែង របស់ថ្នាក់នាំ សហព័ន្ធ បានធ្វើការសម្របសម្រួល ក្លិបកីឡាការ៉ាតេ និងការធ្វើសមាហរណកម្ម សមាគម-ក្លិប រួមបញ្ចូលគ្នាតែមួយ ។ ឯកឧត្តម អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់បន្ថែមថា សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបាន ធ្វើកំណែទម្រង់ ជាច្រើន ក្នុងនោះ សហព័ន្ធក៏ធ្វើ កំណែទម្រង់នេះ ទៅលើ ដើម្បីឲ្យស្របតាមនិយាម របស់គណៈកម្មការប្រកួត របស់សហព័ន្ធកីឡាការ៉ាតេដូអន្តរជាតិ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ម្លេះ ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ មានវិញ្ញាសាប្រកួតចំនួន៣៦ បែងចែកជា៣កម្រិត គឺ កុមារ យុវជន និង បុរស នារី ៕