គ្រឿងញៀនជាង ៤០កញ្ចប់ ដែលមានទម្ងន់ប្រមាណជាង ២០គីឡូក្រាម ត្រូវបានកម្លាំងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងបង្រ្កាបបាននៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
គ្រឿងញៀនជាង ៤០កញ្ចប់ ត្រូវបានក្រុមឧក្រិដ្ឋជន នាំឆ្លងដែនពីប្រទេសជិតខាង ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា នាម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី២៣តុលាឆ្នាំ២០២០នេះ នៅលើកំ ណាត់ផ្លូវ១ខ្សែក្នុងតំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មេបញ្ជាការរងផ្នែកសឹករងបុរីអូរស្វាយសែនជ័យ លោកអនុសេនីយ៍ឯក វ៉ាន់ ថាន់សីហា បានប្រាប់ឲ្យ ដឹងថា ដោយគោរពតាមបទបញ្ជារបស់ប្រធានអង្គភាព លោកវរៈសេនីយ៍ត្រី ប៊ុន ឌឿន និងមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ ទោ ស្វាយ ញ៉ន កម្លាំងផ្នែកសឹករងស្រុក ដែលជាអង្គ ភាពចំណុះ បានបើកការចេញល្បាត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ហើយបានប្រទះឃើញអ្នកជិះ ម៉ូតូម្នាក់ ស្ពាយការ៉ុងពីក្រោយ ក៏កើតការសង្ស័យ ហើយកងកម្លាំងល្បាត បានប្រញ៉ាប់រូតដំណើរទៅរក ជនសង្ស័យ និងនៅគ្រានោះជនសង្ស័យផ្តួលម៉ូតូទុកចោល ហើយបានរត់គេចខ្លួនចូលព្រៃបាត់ទៅ។
លោកអនុសេនីយ៍ឯក វ៉ាន់ ថាន់សីហា បានបន្តឲ្យដឹងទៀតថា ភ្លាមនោះដែរ កងកម្លាំងយាមល្បាត បានទៅដកហូតយកម៉ូតូ រួមទាំងការ៉ុងចំនួន២ ដែលគេចងស្ពាយជាសាក់កាដូពីក្រោយនោះ និងបាននាំយក មកកាន់អង្គភាពផ្នែកសឹករងស្រុក ហើយបានឆែករកឃើញ ម្សៅក្រាមសថ្លា សង្ស័យជាថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន មានចំនួន ៤២កញ្ចប់។ លោកថា ក្រោយការត្យ និងរកឃើញវត្ថុតាងទាំងនេះរួចមក លោកបានរាយការណ៍ជូន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន និងលោកឧត្តមសេនីយ៍មេបញ្ជាការ បានរាយការណ៍ និងគ្រោងធ្វើពិធីប្រគល់ជូន ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមជំនាញគ្រឿង ញៀន នៅរសៀលថ្ងៃ២៣តុលានេះ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមាន ប្រសាសន៍ឲ្យដឹងនៅថ្ងៃនេះថា នេះជាមោទនភាពមួយដ៏ធំ សម្រាប់កងកម្លាំងការពារព្រំដែន ដែលជាអង្គ ភាពចំណុះអង្គភាពតំបន់សឹកស្ទឹងត្រែង ដែលបង្ក្រាបបានគ្រឿងញៀន មានលក្ខណៈទ្រង់ទ្រាយធំ ក្នុងគ្រា ចុះល្បាតព្រំដែន ហើយក៏មិនធ្លាប់មាននោះទេពីមុនមក។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណ ចំពោះនាយទាហាន និងពលទាហាន ដែលកំ ពុងបំពេញភារកិច្ចការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតាម បទបញ្ជារបស់ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសគ្រឿងញៀនខេត្ត ដែលបាន បង្ក្រាបការនាំគ្រឿងញៀនពីខាងក្រៅ ចូលមកក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា នាពេលនេះ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវខិត ខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់នៅតាមព្រំដែន មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនៃស្ថាប័នជាច្រើនទៀត ត្រូវបន្តសហការគ្នា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ព្រំដែន ឲ្យបានល្អថែមទៀត ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជន តែងនាំចូលមកក្នុងប្រទេសកម្ពុជា ៕