វិសាខា យកឈ្នះ ជម្រើសខេត្តព្រៃវែង ឡើងជួបណាហ្គាវើលដ៍ នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វន់សម្តេចតេជោ លើកទី១៤ រដូវកាល ២០២០

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុមជម្រើសខេត្តព្រៃវែង ក្នុងលទ្ធផលបាល់១១ម៉ែត្រកាត់សេចក្តី ៩ទល់៨ នៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡ​ដ្ឋាន​ជាតិអូ​ឡាំពិក ឡើងទៅជួបក្រុមណាហ្គាវើលដ៍ នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញ ក្រុមខេត្តព្រៃវែងបានបើកការនាំមុខ១គ្រាប់មុន នៅនាទី១៦ ដោយ​កីឡាករ​ខ្សែប្រយុទ្ធ វុធ តុលា ហើយនៅនាទី៣៧ កីឡាករ កែវ សុខផេង របស់វិសាខា ធ្វើសម្រេច​បាន១​គ្រាប់តាមស្មើវិញ ដោយលទ្ធផលស្មើគ្នា ១ទល់១នេះរក្សាបានរហូត​ដល់បញ្ចប់ការ​ប្រកួត​ពេញ​ម៉ោង ៩០នាទី។ ក្រុមទាំងពីរត្រូវបានកាត់សេចក្តីដោយបាល់១១ម៉ែត្រ ដោយវិសាខា​យក​ឈ្នះ​ខេត្តព្រៃវែង ដោយលទ្ធផលប្រកៀកប្រកិតគ្នា ៩ទល់៨។ ដូច្នេះក្រុម វិសាខា ត្រូវ​ឡើង​ទៅប្រកួតជា​មួយ​ក្រុមណាហ្គាវើលដ៍ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០នេះ ខណៈក្រុមចាញ់ៗទាំងពីរគឺក្រុមភ្នំពេញក្រោន និងខេត្តព្រៃវែង​នឹងត្រូវ​ប្រកួត​ដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយពីរប្រកួតនេះ គ្រោងនឹងធ្វើឡើងនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា វេលាម៉ោង៣រសៀល១ប្រកួត និងវេលាម៉ោង៦​ល្ងាច១​ប្រកួត។

សូមរម្លឹកថា ក្រុមណាហ្គាវើលដ៍ ដែលឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ គឺបន្ទាប់ពីបានយក​ឈ្នះ​ក្រុម​ភ្នំពេញក្រោន ដោយលទ្ធផលបាល់១១ម៉ែត្រកាត់សេចក្តីដូចគ្នា ៣ទល់១ ក្រោយពីក្រុម​ទាំងពីរ​នេះ​រ​ក្សាលទ្ធផលស្មើគ្នាពេញម៉ោង ៩០នាទី ០ទល់០៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner