លោក ចូ បៃដិន សន្យាថា បើសិនជាប់ឆ្នោត លោកនឹងផ្តល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃដល់ប្រជាជនអាមេរិកគ្រប់គ្នា
អាមេរិក៖ បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះប្រកាសថា រូបលោកនឹងផ្តល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃដល់ប្រជាជនអាមេរិកគ្រប់គ្នា បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតី នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។
ការសន្យាខាងលើនេះធ្វើឡើងបន្ទាប់ពីលោក បៃដិន បានបញ្ចប់ការវេទិការតស៊ូមិតជាមួយលោក ត្រាំ នៅជុំចុងក្រោយ មុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ។ លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលដាក់ចេញនូវផែនការឆ្លើយតបនឹងជំងឺរាតត្បាតរបស់លោកថា នៅពេលយើងមានវ៉ាក់សាំងដែលមានសុវត្ថិភាព និង មានប្រសិទ្ធភាព វាត្រូវតែឥតគិតថ្លៃសម្រាប់ប្រជាជនគ្រប់រូប មិនថា អ្នកត្រូវបានធានារ៉ាប់រង ឬអត់នោះទេ ។
ជាមួយគ្នានោះ លោក បៃដិន ថែមទាំងបាននិយាយរិះគន់លោក ត្រាំ សម្រាប់ការឆ្លើយតបរបស់គាត់ចំពោះជំងឺ Covid-19 ដោយនិយាយថា ប្រធានាធិបតីបក្សសាធារណរដ្ឋកាន់ អំណាចបច្ចុប្បន្នបានបោះបង់ចោលការប្រយុទ្ធប្រឆាំងនឹងវីរុស និង ឈប់ជួយអាមេរិកទៀតហើយ ៕