សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរា ទៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្រឹកនេះ ។
យោងតាមលិខិតរបស់ សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខា ដោយលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ផ្ញើជូនរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាត ពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ កោះនរា ដែលមានទីតាំងស្ថិតក្នុងខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨ របស់ ទីស្តីការ គណៈរដ្ឋមន្ត្រីរួចហើយ ។
លិខិតបន្តថា តាមផែនការ ក្រុមហ៊ុននឹងស្ថាបនា ស្ពានបេតុងខ្សែកាប ចំនួន១ខ្សែ ដើម្បីតភ្ជាប់ ទីក្រុង កោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍ កោះនរា ។ នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែក ជួយកាត់បន្ថយ ការកកស្ទះនៅ ស្ពាន ព្រះមុនីវង្ស បានមួយកម្រិតធំ ហេតុនេះ ដើម្បីជួយសម្រួល ដល់ ការស្ថាបនាស្ពាននេះ ក្រុមហ៊ុន OCIC ស្នើសុំគោលការណ៍នាំចូល នៅសម្ភារ និងគ្រឿងចក្រមួយចំនួន ដែលមានតម្លៃសរុបជាង ៤០លានដុល្លារ ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ តាមមាត់ច្រកអន្តរជាតិនានា ក្នុងពេលឆាប់ៗខាងមុខ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC គ្រោងនឹងសាងសងទីក្រុងរណបថ្មីមួយទៀត លើផ្ទៃដីជាង១០០ហិកតា ស្ថិតនៅតាមដង ចាកចេញពីតំបន់កោះនរា ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្ន ដោយមានការសាងសង់ស្ពាន ដើម្បីសម្រួ
លដល់ការធ្វើដំណើរកំសាន្ដ នៅទីនោះផងដែរ ។ ទីក្រុងរណបថ្មីនេះ នឹងត្រូវចាក់ខ្សាច់បំពេញ នៅតាមជួរមាត់ទន្លេ ចាប់ពីតំបន់កោះនរា អូសស្របតាមទន្លេតូច ឆ្ពោះទៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នាពេលកន្លងមក ក្រុមហ៊ុនបានធ្វើការសិក្សាលើជម្រើសចំនួន ២ ទាក់ទងនឹងការសាងសង់ស្ពាន តភ្ជាប់ ពីកោះពេជ្រ ទៅកាន់កោះនរា ដោយ ទី ១ ជាការសាងសង់ស្ពានឆ្លងកាត់ ពីលើទឹកទន្លេ ដែល គ្រោងចំណាយថវិកាប្រហែល ៦០ លានដុល្លារ និង ទី ២ សង់ផ្លូវកាត់ក្រោមទន្លេ ដែលមានតម្លៃ ប្រមណ
២០០ លាន ដុល្លារ ៕