ក្រសួងធនធានទឹក និងឧតុនិយម សូមអោយ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព្យុះទី១៨ ឈ្មោះ ម៉ូឡាវ ដែលនឹង មកចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថានភាពអាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ច្រើន លាយឡំជាមួយនឹងខ្យល់ខ្លាំង ពិសេសនៅតាមបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន
ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ស្ថានភាពអាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ច្រើន លាយឡំជាមួយនឹងខ្យល់ខ្លាំង ផងដែរ ពិសេសនៅតាមបណ្តា ខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត៖រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ។
ស្ថានភាពបែបនេះ ក្រសួងធនធានទឹក ឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ វិសម្ពាធមួយ ដែលបានកើតមានឡើងក្នុងមហាសមុទ្រប៉ាហ្វិកខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន។
តាមរយៈការព្យាករ ព្យុះនេះនឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ហើយបានថមថយឥទ្ធិពលនៅពេលចូល មកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ នៅថ្ងៃទី២៨ ខែតុលា រួចបន្តដំណើរចូលលើតំបន់ ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិលពលទៅជាវិសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកក៏បានឲ្យដឹងផងដែរថា នៅបណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តកំពង់ធំ សៀបរាម បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបងអាចនឹងមានភ្លៀងធ្លាក់ច្រើនផងដែរ ។ ក្រសួងធនធានទឹក សូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕