ក្រោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្មបញ្ជាក់ថា ក្រសួងបានរៀប​ចំបេសកកម្មបន្ទាន់មួយដែលនឹងត្រូវចេញដំណើរទៅកាន់ខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីនាំយកពូជស្រូវ និងពូជដំណាំទៅចែកជូនប្រជាកសិករ ក្រោយពីទឹកស្រក

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល​ដ្ឋានស្រុក​តំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ដូចនេះ ក្នុងឱកាស ដឹកនាំមន្រ្តីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទ ជិតឆ្ងាយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានដង្ហែអង្គកឋិនទានសាមគ្គីវេរប្រគេនព្រះ សង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា និងបានប្រគេនបច្ច័យសម្រាប់     កសាងព្រះវិហារ និងទីសេនាសេនៈនានាក្នុងវត្តពោធិញាណារាម (ហៅវត្តទួលស្រែ) ស្ថិតនៅភូមិកោះរកា ឃុំកោះរកា និងវត្តចំនួន៣ទៀតស្ថិតក្នុងស្រុកកំពង់សៀម គឺវត្តខែលជ័យសិរីសោភណមុនី   រតនៈ វត្តព្រះកែវសាគរទ្រាន និងវត្តមង្គលសុវណ្ណគិរីភ្នំក្រហម។

ឆ្លៀតយកឱកាសនៃការជួបជុំនេះ ឯកឧត្តមវេង សាខុន បានជម្រាបជូនពុទ្ធបរិស័ទដោយសង្ខេប​អំពី​ស្ថានភាពជំងឺឆ្លង កូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលគ្រោះមហន្តរាយទាំងពីរបានជះឥទ្ធិពល​ជាអវិជ្ជ​មានដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច សង្គម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផលដំណាំ និងសត្វពាហន:យ៉ាងធ្ងន់ធ្ងរ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់នូវការរាតត្បាតនៃជំងឺឆ្លងនេះ និងវិធានការចាំបាច់បន្ទាន់មួយចំនួនទៀតដើម្បីជួយអន្តរាគមន៍ធ្វើការស្តារ និងសង្គ្រោះដំណាំ ស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី២៤ ខែតុលា នៅខេត្តបន្ទាយមានជ័យថា បន្ទាប់ពីស្ថានភាពទឹកជំនន់ត្រឡប់ ទៅរកស្ថានភាពប្រក្រតីវិញ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន ២ ០០០តោនដែលជាពូជមិនប្រកាន់រដូវទុកចែកជូនកសិករ​ដោយក្នុងគ្រួសារនីមួយៗទទួលពូជស្រូវ ១០០គ.ក្រ។ ដោយឡែក អ្នកដាំដំណាំ រាជរដ្ឋាភិបាល​ក៏បានត្រៀមពូជដំណាំចំនួន៦មុខ ទុកសម្រាប់ស្តារដំណាំឡើងវិញបន្ទាប់ពីទឹកស្រក មិនតែប៉ុណ្ណោះក៏មាន​គ្រឿងចក្រចុះមកជួយអន្តរាគមន៍ផងដែរ។ ចំពោះភារកិច្ចចាំបាច់ និងបន្ទាន់ទាំងអស់នេះ សម្តេចតេ​ជោបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលយកទៅចាត់វិធានការ​ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេស​ឲ្យបានគ្រប់ៗ​ក្រុមគ្រួសារដែលផលដំណាំទទួលរងនូវការខូចខាត។ ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានរៀបចំបេសកកម្មបន្ទាន់មួយដែលនឹងត្រូវចេញដំណើរ​ទៅកាន់ខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យនៅសប្តាហ៍ក្រោយដើម្បីនាំយកពូជស្រូវ និងដំណាំទៅចែកជូនប្រជាកសិករ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រើនរំលឹកជូនពុទ្ធបរិស័ទបានជ្រាបផងដែរអំពីតម្លៃនៃសន្តិភាព មានសន្តិភាព មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយជាក់ស្តែងប្រជាជនរស់នៅ​ទូទាំងប្រទេសមានឱកាស និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបរបរទទួលទាន ធ្វើបុណ្យទាន និងគោរពបូជាចំពោះព្រះពុទ្ធសាសនាបានយ៉ាងទូលំទូលាយ។ អាស្រ័យហេតុដូច្នេះ ដើម្បីប្រជាជនយើងគ្រប់រូបបន្តមានឱកាសដ៏ល្អប្រពៃនេះកុំឲ្យបាត់បង់ទៅវិញ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើ​ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តខិតខំគាំទ្រការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសមិទ្ធផលនានាដែលបានកសាងកន្លងមក ថែរក្សាបានយ៉ាងពេញលេញនូវសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តការអភិវឌ្ឍប្រទេស​ជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ដោយធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ នៅឆ្នាំ២០៣០ និង២០៥០។

សូមបញ្ជាក់ផងដែរថា បុណ្យកឋិនទានសាមគ្គីនេះ ទទួលបច្ច័យចំនួន ១០ម៉ឺនដុល្លារ សម្រាប់ប្រគេនវត្តពោធិញាណារាម ៤ម៉ឺនដុល្លារ និងដោយឡែកវត្ត ៣ទៀត ទទួលបានបច្ច័យ ២ម៉ឺនដុល្លារស្នើៗគ្នា សម្រាប់យកទៅបន្តធ្វើការកសាងព្រះវិហារ សាលាធម្មសភា និងទីសេនា សនៈនានាក្នុងបរិវេណវត្ត៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner