ព្រឹត្តិការណ៍អន្តរជាតិ រត់ប្រណាំងពាក់កណ្តលម៉ារ៉ាតុងអង្គរ លើកទី២៥ ឆ្នាំ២០២០នឹងចាប់ផ្តើមនៅដើមខែធ្នូខាងមុខ

អត្ថបទដោយ៖
សារ៉ាន ទីងី

ព្រឹត្តិការណ៍អន្តរជាតិរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប លើកទី២៥ ឆ្នាំ២០២០ គ្រោងចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃទី៦ ខែធ្នូខាងមុខ នេះបើតាមការ អោយដឹងពីគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍កីឡាការម៉ារ៉ាតុងនៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា បានសម្តែងការសោកស្តាយ ចំពោះស្ថានភាពវិបត្តិជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកល ទើបធ្វើអោយព្រឹត្តិការណ៍កីឡាធំៗ ជាច្រើនត្រូវបានលុបចោល និងពន្យាពេលហើយព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិធំៗចំនួនពីររបស់កម្ពុជា ក៏ត្រូវបានលុបចោលដែរ ដោយត្រូវលើកពេលទៅឆ្នាំ២០២១នោះ គឺការរត់ប្រណាំងអន្តរជាតិភ្នំពេញ និងរត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ (Full Marathon) ចំណែកឯ ខួប២៥ឆ្នាំនៃទិវារត់ប្រណាំងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ ដែលគ្រោងធ្វើនាចុងឆ្នាំនេះក៏ មិនបានរៀបចំឲ្យធំដូចរាល់ឆ្នាំ បានដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានអោយដឹងថា សម្រាប់ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ អាចធ្វើទៅបាននាដើមខែធ្នូ ឆ្នាំ២០២០ ដោយមានតែកីឡាករ កីឡាការិនីខ្មែរ និងកីឡាករ កីឡាការិនីបរទេសដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួម ដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតតាមការណែនាំរបស់ក្រសួង សុខាភិបាល។ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីស្វែងរកមូលនិធីជួយឧបត្ថម្ភគាំទ្រដល់សង្គម និងសប្បុរសធម៌។ ដោយសារតែគោលដៅសប្បុរសធម៌ មិនស្វែងរកប្រាក់ចំណេញនោះហើយ ទើបទិវារត់ប្រណាំងអន្តរជាតិមួយនេះ ទទួលបានការគាំទ្រជាបន្តបន្ទាប់ ដោយមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតលើកទី២៤ កាលពីឆ្នាំ២០១៩ ទិវាមួយនេះ ទាក់ទាញបានអ្នកចូលរួមរត់ជាង១ម៉ឺននាក់ ដែលឯកឧត្តមចាត់ទុកថាជាឆ្នាំជោគជ័យធំធេង និងប្រមូលបានថវិកាច្រើន សម្រាប់ការបរិច្ចាគទៅកាន់កិច្ចការសង្គម មនុស្សធម៌ជាដើម។

លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាមានប្រសាសន៍ដែរថា ទិវារត់ប្រណាំងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៤ ឆ្នាំ២០១៩ បានបែងចែកថវិកាដែលបានមកពីការឧបត្ថម្ភ និងការបង់ថ្លៃចុះឈ្មោះចូលរួមជូនដល់អង្គការ មន្ទីរពេទ្យចំនួន៦ ដែលមានថវិកាសរុបចំនួន ១៤៤៦១១ ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរចំនួន ១១១២១១ដុល្លារ (ប្រគល់ជូនរួច), កាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥ពាន់ដុល្លារ, Cambodia Trust ៣៦០០ដុល្លារ, Handicap International Belgium ៣០០០ដុល្លារ និងអង្គការបេះដូងមាស សរុបចំនួន ១១៨០០ដុល្លារ ដែលមានគម្រោងកម្មវិធីរបស់ខ្លួនចំនួន៥ផ្សេងៗពីគ្នា ។

គួររំលឹកផងដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះឡើងតាំងពីលើកទី១ កាលពីឆ្នាំ១៩៩៦ ដោយពេលនោះ មានអ្នកចូលរួមរត់តែ៣០០ ទៅ៤០០នាក់ ប៉ុណ្ណោះ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner