សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ដែលចប់អាណត្តិ
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតិឱ្យ ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល បេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជានិងសឹង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សឹង្ហបុរី ដែល បានជួយបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជាបានជិត ១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។
ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលទទួលជួបសវនាការនិងអនុញ្ញាតឱ្យឯកឧត្តមបានចូលជម្រាបលា មុនពេលដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានៅចុងឆ្នាំ២០២០នេះ។
ឯកឧត្តមអគ្គរដ្ឋទូតដែលចប់អាណត្តិ បានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើគ្រប់វិស័យ មានទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជានៅឆ្នាំ២០១៩ មានការរំខានដោយសារបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី ។
ឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋសភាកម្ពុជានិងសឹង្ហបុរី បានជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគំាទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ តាមរយៈវេទិកាសភានានាដូចជា AIPA និងAPPF ជាដើមនោះ។
សម្តេចអគ្គមហាញាចក្រី ហេង សំរិន និងឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចប់អាណត្តិមានជំជឿយ៉ាងមុតមាំថា កម្ពុជានិងសឹង្ហបុរី ដែលបានបង្កើតទំនាក់ទំនងជាមួយគ្នាតំាងពីឆ្នាំ១៩៦៥ មកនោះ នឹងមានការរីកចម្រើនទៅមុខជាលំដាប់៕