នាយករដ្ឋមន្រ្តីអេស្ប៉ាញប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីទៀត ស្របពេលដែលករណីឆ្លង Covid-19 កើនឡើងខ្លាំង
អេស្ប៉ាញ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេតដ្រូ សាន់ឆេស សម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នជាថ្មី នៅថ្ងៃអាទិត្យម្សិលមិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ដោយដាក់បម្រាមគោចរនៅពេលយប់ និង ហាមឃាត់ការធ្វើដំណើររវាងតំបន់ក្នុងករណីខ្លះ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈមន្រ្តីថា យើងកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ… វាគឺជាវិបត្តិសុខភាពធ្ងន់ធ្ងរបំផុតនៅសតវត្សរ៍ចុងក្រោយ ។
សូមជំរាបថា វិធានការណ៍ខាងលើនេះ បានចូលជាធរមានចាប់ពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ហើយតម្រូវឱ្យគ្រប់តំបន់ទាំងអស់ លើកលែងតែប្រជុំកោះCanary ដាក់បំរាមគោចរនៅពេលយប់ និង កម្រិតចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យជួបជុំត្រឹមតែ០៦នាក់ចុះ ៕