តាមប្រភព័ត៌មានពីវេបសាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវការពេញចិត្តចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនានារវាងរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរីលើវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសមិទ្ធផលបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជាដែលបានធ្វើឱ្យ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។
សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សិង្ហបុរី ដែលបានជួយបណ្តុះបណ្តាល រយៈពេលខ្លីដល់មន្រ្តីកម្ពុជាបានជិត ១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្រោម គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន IAI។
ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានចំណាយពេលទទួលជួបសវនាការនិងអនុញ្ញាតឱ្យឯកឧត្តមបាន ចូលជម្រាបលា មុនពេលដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានៅចុងឆ្នាំ២០២០ នេះ។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅលើគ្រប់វិស័យ មានទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជានៅឆ្នាំ២០១៩ មានការរំខានដោយសារបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី។
ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា រដ្ឋសភាកម្ពុជា និងសិង្ហបុរី បានជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ តាមរយៈវេទិកាសភានានា ដូចជា AIPA និង APPF ជាដើមនោះ។
ក្នុងជំនួបនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចប់អាណត្តិមានជំនឿ យ៉ាងមុតមាំថា កម្ពុជានិងសិង្ហបុរី ដែលបាន បង្កើតទំនាក់ទំនងជា មួយគ្នាតាំងពីឆ្នាំ១៩៦៥ មកនោះ នឹងមានការរីកចម្រើនទៅមុខជាលំដាប់៕
ប្រភព៖ ក្រសួងព័ត៌មាន