សម្តេចក្រឡាហោម ស ខេង អះអាងថា ការរក្សាបានទំនាក់ទំនងល្អរវាង កម្ពុជានិងចិន គឺកើតចេញពីការ ការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការជួយគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសចិន នឹងធ្វើឲ្យទំនាក់ទំនងទ្វេរភាគី រវាងប្រទេសទាំងពីរកាន់តែ ខ្លាំងក្លាបន្ថែមទៀត ដោយគ្មានការឈប់ឈរ ខណៈរដ្ឋាភិបាលប្រទេសទាំងពីរកំពុងប្រកគៀកស្មាគ្នាក្នុង កិច្ចការពារមេរោគកូវិដ១៩។
    ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាការងារ និងទទួលសម្ភារៈការពារមេរោគកូវិដ១៩ ជាមួយ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី ២២ មិថុនានេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តាំងនាមឲ្យប្រជាជនខ្មែរ និងក្រសួងមហាផ្ទៃទាំងមូល សូមថ្លែងអំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជា ជារៀងរហូតមក ហើយការជួយនេះគឺជាការបង្ហាញនូវភាពជាក់ស្តែងបន្ថែមទៀតនៃទំនាក់ទំនងដ៏ល្អបំ ផុតនេះ។
    សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា សម្ភារៈរបស់ក្រសួងសន្តិសុខចិន ដែលបានជូនដល់ក្រសួងមហាផ្ទៃនាពេលនេះគឺពិតជា បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ ការគិតគួមកដល់ប្រទេសកម្ពុជា ដែលជាមិត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងនូវ ជំងឺកូវិដ១៩ ។ ដោយសម្តេចក្រឡាហោម រំពឹងថា តាមរយៈស្មារតីនៃការជួយគ្នាទៅវិញទៅមកនេះនឹងរួមចំណែក ធ្វើឲ្យកាន់តែរឹមមាំបន្ថែមទៀតតទៅអនាគតនៃស្ថាប័នប្រទេសទាំងពីរប្រជាជនទាំងពីរ និងរដ្ឋាភិបាលទាំងពីរផងដែរ។
ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលចិន និងបង្កើនកិច្ចសហប្រតបត្តិការ និង ទំនាក់ទំនងរល្អបន្ថែមទៀត ជាមួយប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះប្រទេសទាំងពីរជួបនូវវិបត្តិកូវិដ១៩ដូចគ្នាក៏ដោយនោះ។
   ឯកឧត្ដម  បានលើកឡើងថា បើទោះបីជាជំនួយសម្រាប់ការពារមេរោគកូវិដ១៩ ដែលបានផ្តល់ជូនដល់ក្រសួងមហាផ្ទៃនាពេលនេះមានតិចតួចក៏ពិតមែន ប៉ុន្តែវាស្តែងបញ្ជាក់អំពីទឹកចិត្ត របស់ប្រជាជន និងក្រសួងសន្តិសុខចិន។
ទន្ទឹមនិងនេះ ឯកឧត្ដមក៏បានបញ្ជាក់ប្រាប់ដល់សម្តេចក្រឡាហោម ផងដែរ ថារដ្ឋាភិបាលចិន នៅតែបន្តជួយដល់កម្ពុជាជានិច្ច ខណៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានកំពុង ល្អប្រសើរកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំនោះ.
សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភរបស់ក្រសួងសន្តិសុខសាធារណៈរដ្ឋចិន ផ្ដល់ជូនក្រសួងមហាផ្ទៃកម្ពុជា សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលនេះ សរុបជាទឹកប្រាក់ចំនួន ៦ សែន យ៉ន់ ឬ ស្មើនិងប្រមាណជា ៨ម៉ឺន ៥ពាន់ ដុល្លាអាមេរិក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner