ក្រសួងទេសចរណ៍ណែនាំមូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ទាំងអស់ឱ្យគោរពអនុវត្តតាម “គោលការណ៍ណែនាំថ្មីដើម្បីធានានូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធសម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩

នៅក្នុងវិស័យទេសចរណ៍យើងត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី (New Business Model) ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះ ទី១)-អាជីវកម្មអាចអនុវត្តដំណោះស្រាយឌីជីថល (Digital Solutions) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ និងទី២)-ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។នេះបើតាមប្រសាសន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងបូកសរុបក្នុងកិច្ចប្រជុំត្រួតពិនិត្យ “ការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍  (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ”ដែលរៀបចំឡើងនៅសាលខេត្តសៀមរាបកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០។
       ឯកឧត្តម ថោង ខុន បានជម្រុញនិងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ទាំងអស់ឱ្យគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ដើម្បីអនុវត្តតាម “គោលការណ៍ណែនាំថ្មី – New Norms/Protocols” ទាំងសម្រាប់មូលដ្ឋានអាជីវកម្ម ដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈមនឹងកត្តាមិនអំណោយផលមួយចំនួន(ដូចជា លទ្ធភាពទទួលភ្ញៀវបានចំនួនតិចជាងមុន និងចំណាយប្រតិបត្តិការខ្ពស់ជាងមុន) ក៏ដោយ ដើម្បីធានានូវសុវត្ថិភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងភ្ញៀវ និងបុគ្គលិក។ឯកឧត្តម មានប្រសាសន៍ថា៖ក្នុងស្ថានភាពបច្ចុប្បន្ន និង ទៅថ្ងៃខាងមុខទៀតផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ១៩   គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា   ដោយក្នុងនោះអង្គការ-ស្ថាប័នកម្រិតពិភពលោក និងតំបន់នានាបានធ្វើការព្យាករណ៍ជាជំហានៗ និងសន្និដ្ឋានចេញជាសេណារីយ៉ូផ្សេងៗ ទៅតាមស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺ កូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា ពិសេសការចាប់   ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារប្រទេសទៅកាន់អន្តរជាតិជាបន្តបន្ទាប់។ ចំណុចគន្លឹះសំខាន់បំផុតក្នុងការធានាការវិលត្រលប់ទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច-សង្គម ទាំងនៅកម្រិតសកល តំបន់ និងកម្ពុជា គឺការរកឲ្យឃើញនូវវ៉ាក់សាំងការពារ និង/ឬ ថ្នាំព្យាបាលជំងឺឆ្លងកូវីដ១៩នេះ។
ឯកឧត្តម រដ្ឋមន្ត្រីក៍បានផ្តល់អនុសាសន៍គន្លឺះមួយចំនួនស្នើដល់រដ្ឋបាលខេត្តសៀមរាប ពង្រឹងការគ្រប់គ្រងបន្ថែមចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ដោយផ្ដោតលើពីរចំនុចសំខាន់៖ –  តម្រូវឲ្យប្រតិបត្តិករទេសចរណ៍រៀបចំឲ្យមានការវាស់កម្ដៅ បាញ់អាកុល លាងដៃ សម្រាប់រាល់ការចេញចូលទីតាំងអាជីវកម្ម ឬប្រសិនបើរៀបចំបន្ថែមឲ្យមានម៉ាស៊ីនស្វ័យប្រវត្តិកម្មសម្រាប់កិច្ចការងារខាងលើកាន់តែប្រសើរ។-តម្រូវឲ្យបុគ្គលគ្រប់រូបដែលឆ្លងកាត់ចេញចូលទីតាំងអាជីវកម្មត្រូវចុះឈ្មោះ ឬផ្តល់អត្តសញ្ញាណជាដាច់ខាត។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ផងដែរ សម្រាប់សេវាកម្មទាំង៦ខាងលើនេះ តម្រូវឲ្យមានជាចាំបាច់នូវការបណ្ដុះបណ្ដាលជំនាញ និងការអនុវត្តជាក់ស្ដែងដល់បុគ្គលិកបម្រើការងារទាំងអស់ និងសូមឲ្យរដ្ឋបាលខេត្តធ្វើសម្រង់ស្ថិតិបុគ្គលិកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ និងធ្វើសហការបន្តជាមួយនាយកដ្ឋានបណ្ដុះបណ្តាលជំនាញវិជ្ជាជិវៈទេសចរណ៍ ប្រមែប្រមូលបុគ្គលិកទាំងអស់នេះមកទទួលការបណ្ដុះបណ្ដាលជាការចាំបាច់។ចំពោះ ផ្នែកឯកជនក្នុងវីស័យទេសចរណ៍ទាំងអស់ក៍សូមមេត្តាយោគយល់ និងចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងឆ្លងឲ្យផុតដំណាក់កាលដ៏លំបាកនេះ។ ឯកឧត្តមបញ្ជាក់ថា៖ការដាក់ចេញនូវវិធានសុវត្តិភាពទេសចរណ៍មិនដើម្បីគោលបំណង់រឹតបន្តឹងការអនុវត្តរបស់បងប្អូនប្រតិបត្តិករទេសចរណ៍ឡើយ ផ្ទុយទៅវិញគឺក្នុងគោលបំណងរក្សាឲ្យបាននូវទំនុកចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំពោះគុណភាពសេវាកម្មរបស់យើង ជាពិសេស និងដោយឡែកក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩នេះ ស្របតាមពាក្យស្លោក “សុវត្តិភាពរបស់អ្នក ជាភារកិច្ចរបស់យើងខ្ញុំ”៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner