ចិនសម្រេចផ្អាកការនាំចូលសាច់មាន់ពីក្រុមហ៊ុនអាម៉េរិកមួយចំនួន ដោយសារព្រួយបារម្ភពីការឆ្លងរាតត្បាតជម្ងឺ COVID-19
ចិន៖ ដោយសារតែព្រួយបារម្ភពីការឆ្លងរាតត្បាតជម្ងឺCOVID-19នោះ ចិនសម្រេចចិត្តផ្អាកការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនអាម៉េរិកមួយចំនួន ហើយថែមទាំងបញ្ជាឱ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងរដ្ឋធានីប៉េកាំងផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ អាជ្ញាធរគយចិនបានបញ្ជាក់ថា ការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនចំណីអាហារអាម៉េរិក ថាយសាន់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយ សារតែមានសេចក្ដីរាយការណ៍ថា រោងចក្រមួយរបស់ក្រុមហ៊ុននេះនៅសហរដ្ឋអាម៉េរិក មានករណីឆ្លងជម្ងឺ COVID-19 ជាចង្កោម ។
ហើយការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងក្រោយអាជ្ញាធរចិនបានប្រកាសដាក់ចេញយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យរាល់ផលិតផលនានានាំចូលមកពីបណ្ដាប្រទេស ដែលនៅតែបន្តមានហានិភ័យខ្ពស់ នៃការឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការ រកឃើញករណីឆ្លងជាចង្កោម នៅក្នុងរោងចក្រមួយចំនួននៅអាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក ៕