កូរ៉េខាងត្បូងព្រមានពីជម្រើសយោធា ដើម្បីឆ្លើយតបនឹងយុទ្ធនាការបង្ហោះខិត្តប័ណ្ណរបស់កូរ៉េខាងជើង
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងកំពុងទុកជម្រើសយោធានៅលើតុ ដើម្បីធ្វើការឆ្លើយតបទៅនឹងផែនការបញ្ជូនខិត្តប័ណ្ណឃោសនា នៅតាមព្រំដែនរបស់កូរ៉េខាងជើង នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងលោក គីម ជុនរ៉ាក់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា យើងកំពុងឃ្លាំមើលយ៉ាងដិតដល់នូវសកម្ម ភាពយោធាកូរ៉េខាងជើង ទាក់ទងនឹងការបង្ហោះខិត្តប័ណ្ណរបស់ខ្លួន ។ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពយោធា បើសិនមានយន្តហោះណាមួយហោះហើរលើតំបន់គ្មានយោធា ដែលនឹងរំលោភលើកិច្ចព្រមព្រៀង យោធាគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១៨ ។
ការកត់សម្គាល់បែបនេះរបស់កូរ៉េខាងត្បូង បានកើតមានឡើងក្រោយកូរ៉េខាងជើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានអះអាងថា ខ្លួននឹងបញ្ជូនខិត្តប័ណ្ណ១២លានសន្លឹកទៅកាន់កូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូល ដែលបើកដៃឱ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ៕