កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី២នាក់ទៀតនៅថ្ងៃនេះ

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល៖ ករណីឆ្លងថ្មីនោះ ត្រូវគេរកឃើញលើបុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ២៣ឆ្នាំមានអាសយដ្ឋាននៅស្រុកបាកាន ខេត្តពោធិ៍សាត់។ បុរសពីរនាក់ខាងលើនោះ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ២៦តុលាឆ្នាំ២០២០។

លទ្ធផលធ្វើតេស្ដវត្ថុសំណាករបស់ពួកគេ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ ក្រោយការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ បុរសជនជាតិខ្មែរទាំងពីរនាក់នោះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។  ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកដំណើរចំនួន៣៧នាក់ទៀតដែលរួមដំណើរតាមជើងយន្តហោះជាមួយបរុសទាំងពីរនាក់នោះ ប៉ុន្តែពួកគេមានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ១៩។

ទោះជាយ៉ាងណាពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាល័យពោធិ៍ចិនតុងចំនួន១១នាក់ និង២៨នាក់ទៀត នៅសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃ២៨តុលាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៩០នាក់ ក្នុងនោះបានជាសះស្បើយ២៨៣នាក់ និងនៅសល់៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកទាំង៧នាក់នោះ មានជនជាតិខ្មែរ៤នាក់ បារាំង២នាក់ និងប៉ូឡូញម្នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner